រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបតិ្ត ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធដែលមានសមាសភាពចូលរួមសរុបចំនួន ១៩០រូប។
ពិធីផ្សព្វផ្សាយខាងលើ មានគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីកិច្ចសហការ ការអនុវត្តនីតិវិធី និងបែបបទដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបតិ្ត សម្រាប់គ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំចូលនាំចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការស្តុកទុកនូវសារធាតុគីមីផ្សំនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីបង្ការ ទប់ស្កាត់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។
ដើម្បីឱ្យកិច្ចសហការរវាងក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ អ.ជ.ប.គ.ញ. បានធ្វើការណែនាំបន្ថែមដល់ក្រសួង ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ និងអង្គពិធីទាំងមូលនូវចំណុចមួយចំនួនរួមមាន ដូចខាងក្រោម៖
១- ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំបន្តដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ដើម្បីចូលរួមសហការ និងអនុវត្ត។
២- ត្រូវដឹកនាំ និងអនុវត្តសកម្មភាពការងារគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំនាំចូលនាំចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំឱ្យបានម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបតិ្ត។
៣- ត្រូវលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័ន/អង្គភាពអនុវត្តច្បាប់ អំពីការ នាំចូលនាំចេញ ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលក្រសួង ស្ថាប័នរបស់ខ្លួនបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជូន។
៤- ត្រូវសហការ សម្របសម្រួល និងចូលរួមអនុវត្តយន្តការត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំរបស់ក្រុមការងារអន្តរក្រសួង ឱ្យមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី