Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អការអប់រំ សុខភាព និងសុខុមាលភាពសហគមន៍រយៈពេលវែង

សៀមរាប ៖ កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jacques Pallet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាសហប្រធាននៃសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀន ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Dexter A. Galban ជំនួយការលេខាធិការប្រតិបត្តិ នៃក្រសួងអប់រំនៃសាធារណរដ្ឋហ្វីលីពីន ដែលជាសហប្រធាននៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងនៅក្នុងពិធីបើក ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូនៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ និងបានអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។ ឯកឧត្តមបានបន្តទៀតថា ការផ្តល់អាហារូបត្ថម្ភដល់កុមារជាអាទិភាពចម្បងនៅសាធារណរដ្ឋកូរ៉េ ហើយការផ្តល់អាហារនៅតាមសាលារៀនត្រូវបានអនុវត្តនៅស្ទើរតែទូទាំងប្រទេសទាំងសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា។ ជាមួយគ្នានេះដែរ សាធារណរដ្ឋកូរ៉េ បាននិងកំពុងផ្តល់ការគាំទ្រដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី តំបន់អាហ្វ្រិក និងតំបន់អាមេរិកឡាទីន ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការអនុម័តនូវគោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥ ដែលនេះបានសរបញ្ជាក់នូវឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអប់រំតាមរយៈការពង្រឹងអាហារូបត្ថម្ភសម្រាប់សិស្ស។

ឯកឧត្តម Jacques Pallet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀន ដែលមានគោលដៅក្នុងការផ្តល់ឱកាសឱ្យកុមារគ្រប់រូបទទួលបានអាហារនៅសាលារៀនប្រកបដោយអាហារូបត្ថម្ភនៅត្រឹមបំណាច់ឆ្នាំ២០៣០។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងយកចិត្តទុកដាក់ជាខ្លាំង និងបានវិនិយោគយ៉ាងច្រើនលើការផ្តល់អាហារដែលប្រកបដោយជីវជាតិ និងអាហារូបត្ថម្ភនៅសាលារៀន។ ឯកអគ្គរដ្ឋទូតក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ដែលកត្តានេះបានបង្ហាញពីឆន្ទៈ និងភាពដឹកនាំដ៏ខ្លាំងក្លាក្នុងការពង្រឹងកិច្ចសហការ និងភាពជាដៃគូក្នុងតំបន់លើកម្មវិធីផ្តល់អាហារនៅសាលារៀន ។

ឆ្លៀតក្នុងឱកាសនេះ តាងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងដោយមោទនភាព ដែលកម្ពុជាក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍។ វិស័យអាទិភាពទាំងប្រាំ ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ដោយក្នុងនោះ “មនុស្ស” ត្រូវបានកំណត់ជាអាទិភាពទី១ ទន្ទឹមនឹងនេះការលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសសម្រាប់កុមារតូច ជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍន៍មូលធនមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) United States Department of Agriculture (USDA) និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីចូលរួមជួយដល់កុមារងាយរងគ្រោះដែលមកពីគ្រួសារមានប្រាក់ចំណូលទាប និងងាយប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង។ ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីសុខភាពសិក្សា យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ព្រមទាំងការបង្កើតទិវាជាតិអាហារូបត្ថម្ភ ជាសក្ខីកម្មយ៉ាងច្បាស់លាស់ និងចាំបាច់បំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់អាហារតាមសាលារៀនស្របតាមចក្ខុវិស័យជាតិ។ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងគាំទ្រ និងអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ កម្មវិធីអាហារូបត្ថម្ភសម្រាប់ស្ត្រីនិងកុមារ និងកម្មវិធីគាំពារសង្គមនានាដែលពាក់ព័ន្ធនឹងការពង្រឹងអាហារូបត្ថម្ភ ដូចជា កម្មវិធីសន្តិសុខស្បៀង កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់និយោជិតជាស្ត្រីធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលសម្រាលបុត្រ និងអត្ថប្រយោជន៍ពេលឈប់សម្រាកលំហែមាតុភាពក្រោមគម្រោងធានារ៉ាប់រងសុខភាពជាដើម។

សារៈសំខាន់នៃការផ្តល់អាហារនៅសាលារៀន ដែលដើរតួនាទីមិនត្រឹមតែជាការបន្ថែមសមាសធាតុអាហារូបត្ថម្ភប៉ុណ្ណោះទេ តែជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការរៀបចំអនាគតរបស់សិស្ស។ ការស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ ការចូលរួមរបស់សហគមន៍ និងការវិនិយោគរបស់រាជរដ្ឋាភិបាល ពិតជាចាំបាច់ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយ និងកម្មវិធីផ្តល់អាហារនៅសាលារៀនប្រកបដោយប្រសិទ្ធភាព។ កម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ជាឧត្តមានុវត្តន៍ជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះបានផ្តល់នូវផលជះវិជ្ជមានសំខាន់ៗ ដូចជាការកែលម្អអាហារូបត្ថម្ភ ការលើកកម្ពស់លទ្ធផលការសិក្សា ការបង្កើនអត្រាចុះឈ្មោះចូលរៀន និងការចូលរៀន ការគាំទ្រដល់ផលិតកម្មកសិកម្មក្នុងស្រុក ការលើកកម្ពស់ការរួបរួមក្នុងសង្គម ការពង្រឹងការអប់រំសុខភាពនិងអនាម័យ ការកាត់បន្ថយវិសមភាព និងការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង ដែលផលជះទាំងនេះមិនត្រឹមតែដោះស្រាយតម្រូវការអាហារូបត្ថម្ភក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អការអប់រំ សុខភាព និងសុខុមាលភាពសហគមន៍រយៈពេលវែង ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ លេខាធិការដ្ឋានសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀន គណៈប្រតិភូនៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ តំណាងមកពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ដែលបានចូលរួមពិភាក្សា និងចែករំលែកទស្សនវិស័យ និងបទពិសោធន៍នានាក្នុងរយៈពេល២ថ្ងៃកន្លងមក។ ការជជែកពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗទាំងនេះ បានស្តែងចេញនូវសម្ព័ន្ធភាពដ៏រឹងមាំក្នុងការដោះស្រាយបញ្ហាប្រឈម ការបង្កើតប្រព័ន្ធភាពធន់ក្នុងការលើកស្ទួយសហគមន៍ និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សង្ឃឹមថាកិច្ចប្រជុំកំពូលនេះនឹងដើរតួជាវេទិកាមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រទេសចូលរួមក្នុងការបន្តសន្ទុះនៃកិច្ចខិតខំប្រឹងប្រែង និងការធ្វើការរួមគ្នាឆ្ពោះទៅរកការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កុមារ និងសហគមន៍តាមរយៈការផ្តល់នូវអាហារូបត្ថម្ភខ្ពស់ដល់ពួកគាត់។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ បានដាក់ចេញនូវ “សេចក្តីថ្លែងការណ៍លទ្ធផលនៃកិច្ចប្រជុំកំពូល” សំដៅពន្លឿនកិច្ចសហការ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍លើការផ្តល់អាហារដែលមានជីវជាតិ និងអាហារូបត្ថម្ភដល់សិស្ស ដើម្បីជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×