ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីលួចមានស្ថាន់ទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ១គ្រឿង) កាលពីយប់ទាបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ពានលេខ២៦ ស្ថិតនៅក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យ ចំនួន៦នាក់ រួមមាន៖
*នៅវេលាម៉ោង១០:១៩នាទី នៅត្រង់ចំណុចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ម៉ន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងឈ្មោះ បញ្ញា បញ្ញាវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
*នៅវេលាម៉ោង១១:៤៥នាទី ត្រង់ចំណុចបន្ទប់ជួល សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានឈ្មោះសេន សោភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឈ្មោះ កង សល់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិវាល ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងឈ្មោះ វង្ស ប៊ុនសក្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិស្វាយព្រៃ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
*នៅវេលាម៉ោង១២:៥០នាទី នៅចំណុចដីឡូតិ៍ ទល់មុខបុរីជីបម៉ុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឺន សេងឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាសរ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សំភារៈដកហូតរួមមាន ផ្លាកលេខភ្នំពេញ1JT-9322 ចំនួន០១, ផ្លាកលេខកំពង់ឆ្នាំង1N-6137, ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខក្រចេះ1G-3623, ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ, ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1KY-1236, ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1HZ-1014, ម៉ូតូ០១គ្រឿង ម៉ាកលេត ពណ៌ស+ខៀវ ពាក់ផ្លាកលេខភ្នំពេញ1KH-8571 និថធកាំបិតផ្គាក់ ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារខាងលើ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី