រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៥ រោច ខែកក្តិត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ មួយចំនួនរបស់ អ.ដ.ក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំលើកទី៧ នេះ ត្រូវបានរៀបចំទ្បើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖
ទី១- ការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់ អ.ដ.ក. នៅចន្លោះកិច្ចប្រជុំលើកទី៦ និងលើកទី៧
ទី២-ពិនិត្យលើគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន និងគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។
- របៀបវារៈទី១៖ ការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់ អ.ជ.ក. ចន្លោះកិច្ចប្រជុំលើកទី៦ និងលើកទី៧
កិច្ចប្រជុំនៃ អ.ដ.ក. បានពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារសំខាន់ៗ របស់ អ.ជ.ក. ដែលសម្រេច បាននៅចន្លោះកិច្ចប្រជុំលើកទី៦ និងលើកទី៧ ដូចខាងក្រោម៖
- ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.៖ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អ.ដ.ក. បាន ដោះស្រាយសំណុំរឿងចំនួន ៨៨ ករណី ក្នុងចំណោមសំណុំរឿងសរុប ចំនួន ៣៣៨ ករណី ដោយក្នុង នោះ សំណុំរឿងចំនួន ៣៧ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ, សំណុំរឿងចំនួន ២២ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ២៩ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួលផ្សះផ្សារបស់ អ.ជ.ក.។ ដោយឡែក សំណុំរឿងចំនួន ២៥០ ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.។
- ការចុះផ្សព្វផ្សាយអំពីបេសកកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាល៖ អ.ដ.ក. បានចុះធ្វើសិក្ខាសាលា ផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់អាជ្ញាធរមូលដ្ឋាន និង មន្ត្រីពាក់ព័ន្ធ ប្រមាណជិត ១ ៧០០ នាក់ នៅខេត្តចំនួន ៨ រួមមាន ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្ត បន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពត។ ក្នុងឆ្នាំ២០២៤ នេះ អ.ដ.ក. នឹងបន្តចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តសៀមរាប។
- កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៖ អ.ដ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយស្ថាប័នចំនួន ៣ រួមមាន៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម និងអង្គការនារីដើម្បីសន្តិភាព។ អ.ដ.ក. ក៏គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តកណ្តាល, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង និងរាជធានី-ខេត្តដទៃទៀត នាពេលឆាប់ៗខាងមុខ ដើម្បីរួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប និងកាន់តែខិតជិតប្រជាពលនៅមូលដ្ឋាន។ ទន្ទឹមនេះ អ.ដ.ក. ក៏បានធ្វើកិច្ចសហការ ផ្លាស់ប្តូរបទពិសោធន៍ការដោះស្រាយវិវាទ និងពង្រឹងសមត្ថភាពមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ជ.ក. ជាមួយ (១)- អង្គការ Jica របស់ប្រទេសជប៉ុន, (២)- Asian Institute of Alternative Dispute Resolution (ALADR) របស់ម៉ាឡេស៊ី និង (៣)-ក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េ។
ជាលទ្ធផល កិច្ចប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ព្រមទាំងតួអង្គពាក់ព័ន្ធ ដែលបានអនុវត្តការងារ ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលការងារខាងលើ។
- របៀបវារៈទី២៖ គម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើម ភាគតិចនៅភូមិភាគឦសាន និងនៅតំបន់ដាច់ស្រយាល
អ.ដ.ក. បានចុះទៅកាន់ខេត្តចំនួន ៤ រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្រាវជ្រាវអំពីអភិក្រម ឬវីធីសាស្ត្រដែលអាចមានប្រសិទ្ធភាពសម្រាប់ធ្វើការដោះស្រាយវិវាទជូន ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅភូមិភាគឦសាន និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ ផ្អែកតាមលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវ និងផ្អែកលើភាពចាំបាច់ ព្រមទាំងសារៈសំខាន់នៃគម្រោងដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅភូមិភាគឦសាន និងនៅតំបន់ដាច់ស្រយាល, កិច្ចប្រជុំ អ.ដ.ក.បានសម្រេច (ទី១)-គាំទ្រការរៀបចំគម្រោងខាងលើ ដោយបង្កើតឱ្យមានក្រុមការងារពិសេសមួយដើម្បី រៀបចំនិងអនុវត្តគម្រោងនេះ (ទី២)-លើកកម្ពស់កិច្ចសហការក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិដែលមានការពាក់ព័ន្ធ និងអាជ្ញាធរប្រពៃណី ក្នុងការអនុវត្តគម្រោង និង (ទី៣)-បើកទ្វារចំហជាអាទិភាព សម្រាប់គ្រប់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមអនុវត្តគម្រោង។
- របៀបវារៈទី៣៖ បញ្ហាផ្សេងៗ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដែលត្រូវអនុវត្តបន្ត ដូចតទៅ៖
- ពន្លឿនការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. តាមរយៈ (១)-ការបង្កើនចំនួនមន្ត្រីសម្រុះសម្រួល ដោះស្រាយវីវ៉ាទ, (២)-ការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងារ និងការទទួលខុសត្រូវរបស់មន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ និង (៣)-ការលើកទឹកចិត្តដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែលមានស្នាដៃល្អក្នុងការដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ។
- រៀបចំជាយន្តការចល័ត ក្នុងការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដែលអាចរៀបចំជាគម្រោងសាកល្បង (Pilot Project) នៅក្នុងខេត្តគោលដៅណាមួយ។
ទន្ទឹមនេះ អ.ដ.ក. នឹងបន្តរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ទាំងកិច្ចប្រជុំបូកសរុប និងវាយតម្លៃវឌ្ឍនភាពការងាររបស់ អ.ដ.ក. ទាំងកិច្ចប្រជុំបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី