ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាកោះគុត រាជរដ្ឋាភិបាលប្រកាន់ជំហរពីរ ទី១) ភាពចាស់ទុំខាងនយោបាយ, ទី២) ទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្តេចមហាបវរធិបតី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជាអធិបតីដ៏ខ្ពង់ខ្ពស់អញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាង នយោបាយ ទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេចបន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមកដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា? ខណៈខាងប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលថៃធ្វើឱ្យបាត់មកខ្មែរ រីឯខាងប្រឆាំងខ្មែរ ចោទថារាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យបាត់ទៅថៃ គឺមិនឡូហ្ស៊ិក (Logic)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មិនទាន់មានការឯកភាពគ្នានោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទឹកដី រាជរដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់បង់នោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំងចាស់វស្សានៅក្រៅប្រទេសថា ធ្វើចរិតក្មេងតែឯងចុះ ទុកឱ្យសម្តេចធ្វើចរិតចាស់ទុំ។
ជាមួយនឹងលើកឡើងអំពីបញ្ហាគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ហើយកំពុងត្រូវបានបំផុសបំផុលបង្កើតជម្លើយដោយក្រុមជ្រុលនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើឱ្យបាត់បង់ទឹកដីនោះឡើយ។
សម្តេចបវរធិបតី បានលើកឡើងដូច្នេះថា ការចរចាព្រំដែនេះ គឺយើងត្រូវការពេលវេលា និងត្រៀមលក្ខណៈគ្រប់ពេល នេះគឺជាការទទួលខុសត្រូវរបស់យើង ហើយយើងមិនធ្វើឱ្យបាត់នូវដែនដីរបស់យើង ឬអធិបតេយ្យភាពរបស់យើងទេ កិច្ចការព្រំដែន និងសូមការធានាមួយនេះ សូមបងប្អូនជឿទុកចិត្តចុះ។
សម្តេចបានថ្លែងថា អ្នកដែលស្រែកថា រាជរដ្ឋាភិបាលមិនមាត់មិនអើពើ គឺយើងចង់ប្រាប់ត្រឡប់ទៅវិញថា គឺរាជរដ្ឋាភិបាលប្រកាន់យកជំហរចាស់ទុំ មិនចេះតែលោតលិចកើតតាមគេនោះទេ បើអ្នកនយោបាយចាស់វស្សាដែលបន្តិចលោតចុះលោតឡើង សូមកុំឱ្យក្មេងលោតតាម ទុកចរិតនេះសម្រាប់ប្រើខ្លួនឯងទៅបានហើយ។
សម្តេចបានលើកឡើងដែរថា ពាក់ព័ន្ធនឹងបញ្ហាកោះគុត គឺរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងចរចា ហើយមិនទាន់មានឯកភាពគ្នានៅឡើយ។ ដូច្នេះការនិយាយថា កោះគុតបាត់បង់ទៅខាងភាគីថៃនោះ គឺជារឿងមិនត្រឹមត្រូវ តើបាត់ទៅណាបើភាគីទាំងពីរមិនទាន់ឯកភាពគ្នាផងនោះ។
សម្តេចបានបន្តបញ្ជាក់ថា រឿងរដ្ឋាភិបាលមិនប្រតិកម្ម ដោយសារតែរដ្ឋាភិបាលមានភាពចាស់ទុំ ដែលដោះស្រាយតាមយន្តការរដ្ឋ និងរដ្ឋ ហើយមិនយកភ្លើងខាងក្រៅចូលមកក្នុង ហើយធ្វើសកម្មភាពផ្អែកលើគោលការណ៍ប្រាកដប្រជា។
សម្តេចបានបញ្ជាក់ទៀតថា ចំពោះបញ្ហាក្រុមប្រឆាំងមួយចំនួនដែលចង់ឱ្យគណៈកម្មការព្រំដែនចេញមុខបកស្រាយតាមបច្ចេកទេសនោះ ក៏ពុំទាន់ចាំបាច់នោះដែរ ដោយសារតែគណៈកម្មការជំនាញនេះកំពុងរៀបចំ និងមានឯកសារ សម្រាប់ការចរចា បើសិនជាបង្ហាញឯកសារបច្ចេកទេសទាំងនោះ ជាទង្វើល្ងង់ខ្លៅ ដែលប្រៀបបីដូចជាបើកសន្លឹកបៀរឱ្យដៃគូប្រកួតបានឃើញមុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា ខណៈខាងប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលថៃធ្វើឱ្យបាត់មកខ្មែរ រីឯខាងប្រឆាំងខ្មែរចោទថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យបាត់ទៅថៃ គឺមិនឡូហ្ស៊ិក (Logic)នោះឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី