Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យវត្តអារាមនីមួយៗបណ្ដុះបណ្ដាលអាចារ្យ ដើម្បីជំនួសអាចារ្យចាស់ដែលគាត់មិនអាចធ្វើការទៅបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យតាមវត្តអារាមធ្វើការបណ្ដុះបណ្ដាលអាចារ្យ ដែលមានស្រាប់នៅក្នុងវត្តនោះ ហើយសូមកុំរង់ចាំតែការបណ្ដុះបណ្ដាលពីក្រសួងធម្មការ និងសាសនា។

សម្ដេចតេជោ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នា២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការអាចារ្យកាន់តែច្រើន ហើយឥឡូវពេលនេះម៉ោងនេះសំឡេងភ្លេងមិនដឹងភូមិណាប៉ុន្មានទេ តេជគុណ ស្រុកខ្មែរយើងគេហាមមិន​ឱ្យការពេលចូលវស្សា ពេលចេញវស្សាហើយគេការហើយ ហើយពេលការហ្នឹងតម្រូវការអាចារ្យ ត្រូវការអាចារ្យការ អាចារ្យខ្មោច អាចារ្យសូត្រមន្តធ្វើបុណ្យសង្ឃទាន គឺត្រូវការអាចារ្យច្រើនណាស់។

សម្ដេចបានថ្លែងគូសបញ្ជាក់ថា ព្រះសង្ឃកាន់តែច្រើន តម្រូវការអាចារ្យកាន់តែច្រើន ចឹងសូមឱ្យតាមវត្តអារាមនីមួយៗក៏បណ្ដុះបណ្ដាលអាចារ្យ ដោយយកអាចារ្យតកុកអែប អាចារ្យមានអាចារ្យវត្តស្រាប់ អ៊ីចឹងទេព្រះតេជគុណតាមវត្តនីមួយៗ គួរតែត្រូវបានបណ្ដុះបណ្ដាលអាចារ្យ ដើម្បីជំនួសអាចារ្យចាស់ដែលគាត់មិនអាចធ្វើការទៅបាន យើងមានអាចារ្យថ្មីមកជំនួស ដោយមិនរង់ចាំបំពេញតែពីអាចារ្យដែលបណ្ដុះបណ្ដាលដោយក្រសួងធម្មការ និងសាសនាទេ នៅតាមទីវត្តអារាមនីមួយៗអាចទទួលបានការបណ្ដុះបណ្ដាលសម្រាប់អាចារ្យ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សំណាងល្អបច្ចុប្បន្ននៅទីវត្តអារាមមានកន្លែងសម្រាប់ធ្វើចេតិយបាន ប៉ុន្តែនៅពេលខាងមុខគ្មានកន្លែងធ្វើចេតិយទេ ដូច្នេះអាចជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេកដើម្បីពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែក្នុងវត្តរបៀបនេះណា រើកុដលោកធ្វើចេតិយក៏មានដែរ»។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា បច្ចុប្បន្ននៅតាមទីធ្លាវត្តអារាមហាក់មានសភាពចង្អៀតណែន និងមានចេតិយគ្របដណ្ដប់លើទីធ្លាវត្តអារាមស្ទើរ៥០ភាគរយ ទៅហើយ ដូច្នេះគួរគិតគូរទុកជាមុន ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋអាចជាវដីទៅធ្វើចេតិយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចិនមានកន្លែងសម្រាប់ធ្វើមុង ហើយកម្ពុជាក៏អាចមានកន្លែងសម្រាប់បញ្ចុះការធ្វើចេតិយផងដែរ ចំពោះរឿងមច្ឆាវិញមិនពិបាកនោះទេ។ ក្នុងន័យនេះ សម្ដេចបន្តថា ការរៀបចំបែបនេះមិនមែនជាផ្នូរខ្មោចរួមដូចសម័យ ប៉ុល ពតទេ ប៉ុន្តែជាទីកន្លែងសម្រាប់ជួបជុំគ្រួសារដែលមានអាទិភាពយកទៅដាក់រួមផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យតាមវត្តអារាម ធ្វើការបណ្ដុះបណ្ដាលអាចារ្យដែលមានស្រាប់ ដើម្បីបង្កើននូវធនធានអាចារ្យដែលមានសមត្ថភាពបន្ថែមទៀត កុំរង់ចាំតែការបណ្ដុះបណ្ដាលរបស់ក្រសួងធម្មការ និងសាសនា។ សម្ដេចបន្ដថា កន្លងទៅបន្ទាប់ពីការប្រកាសរបស់សម្ដេច សង្កេតឃើញថា ការងារបណ្ដុះបណ្ដាលអាចារ្យ អាចារ្យនី ក៏មានការកើនឡើង ហើយវិបត្តិកង្វះអាចារ្យក៏លែងមានទៀតដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×