ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានរិះគន់ថា បច្ចុប្បន្នភាព នៃទីក្រុងព្រះសីហនុ គិតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៨ គឺរដ្ឋបាលក្រុង-ខេត្តនេះ មិនទាន់គ្រប់គ្រងកាកសំណល់សំរាម ដែលគេគរទុកចោល នៅតាមចិញ្ចើមផ្លូវឲ្យបានល្អនៅឡើយទេ។
ភ្ញៀវទេសចរមួយចំនួន បានរិះគន់ថា ក្លិន ដែលភាយចេញពីគំនរសំរាម បានជះក្លិនស្អុយអសោច ជាពិសេសកាកសំណល់សំរាម ត្រូវបានគរទុកចោលយូរថ្ងៃ ព្រោះគ្មានឡានមកប្រមូលយកទៅចោលឲ្យបានទៀងទាត់ជាដើម។
ផ្តើមពីបញ្ហានេះ ទាំងភ្ញៀវទេសចរ ទាំង ប្រជាពលរដ្ឋរស់នៅទីប្រជុំជន ក្រុងព្រះសីហនុ សំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយជម្រុញទៅក្រុមហុនប្រមូលសំរាម ឲ្យបង្កើនសកម្មភាពដើប្រមូលសំរាមឲ្យបានឆាប់ជាងរាល់ថ្ថៃនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានឲ្យដឹងថា រាល់ថ្ងៃនេះ ក្រុមហ៊ុនប្រមូលសំរាម ពិតជាមានការយឺតយ៉ាវ ក្នុងការមកប្រមូលសំរាមពិតមែន។
ប្រជាពលរដ្ឋ បានអះអាងថា ពួកគាត់ បានបង់លុយថ្លៃសំរាមជាទៀងទាត់តាមខែនីមួយៗ ប៉ុន្តែបែរជាក្រុមហ៊ុនប្រមូលសំរាម មិនបានមកប្រមូលសំរាម ឲ្យបានទៀងទាត់ទៅវិញ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋក្រុងព្រះសីហនុ បង្ហាញការហួសចិត្តកាលបើ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ មិនមានលទ្ធភាព ជម្រុញឲ្យក្រុមហ៊ុនប្រមូលសំរាម ដើរប្រមូលសំរាម ដែលគរទុកចោលនៅតាមចិញ្ចើមផ្លូវសាធារណៈ ឲ្យបានទាន់ពេល ឬទៀងទាត់ផង។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋ រស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ សំណូមពរដល់ក្រុមហ៊ុនប្រមូលសំរាម ជាពិសេសស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយដោះស្រាយបញ្ហាកាកសំណល់សំរាម ឲ្យបានឆាប់ ប្រយោជន៍ ដើម្បីរក្សាសុខភាព របស់ប្រជាពលរដ្ឋ និងរក្សាសោភ័ណភាពទីក្រុងទេសចរណ៍ឲ្យបានល្អនាថ្ងៃខាងមុខ។
បច្ចុប្បន្ននេះ នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ ត្រូវរងការរិះគន់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថាជាទីក្រុងគ្មានអនាម័យ ហើយជាទីក្រុង តាំងពិព័រណ៍សំរាម និងជាទីក្រុងមានក្លិនស្អុយអសោច៕ ដោយ៖ ដែន សីមា