ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣៤៦ ដែលមានតម្លៃ ៥,៥ ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កើនឡើង ៣៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ការអនុម័តគម្រោងវិនិយោគនេះ ក៏បានបង្កើតការងារចំនួន ២៧០,០០០កន្លែង សម្រាប់ពលរដ្ឋខ្មែរផងដែរ។ ក្នុងនោះ វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ បានបន្តជាវិស័យរកចំណូលបានច្រើនជាងគេពីការនាំចេញសម្រាប់កម្ពុជា។លើសពីនេះ វិស័យមិនមែនកាត់ដេរ រួមទាំងគ្រឿងបន្លាស់អេឡិចត្រូនិច កង់ គ្រឿងបន្លាស់រថយន្ត គ្រឿងសង្ហារិម ស្បែក និងផ្លាស្ទិក ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគបរទេសលើការកែលម្អបរិយាកាសវិនិយោគរបស់ប្រទេស និងសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ លទ្ធផល បានបង្ហាញថា អ្នកវិនិយោគមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា៕