ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាងនាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ ERI Arfiya អនុរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោកជំទាវ អ៊ាត សោភា បានសម្តែងនូវការស្វាគមន៍ និងអំណរគុណចំពោះលោកជំទាវ ERI Arfiya ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប។ លោកជំទាវ ERI Arfiya បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបដិសណ្ឋារកិច្ចរាក់ទាក់ដល់លោកជំទាវ និងគណៈប្រតិភូជប៉ុន ជាពិសេសមានឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តីផងដែរ។
លោកជំទាវ អ៊ាត សោភា និងលោកជំទាវ ERI Arfiya បានពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងសារៈសំខាន់នៃអភិក្រមថ្មីសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការ ដែលផ្តោតលើវិស័យគន្លឹះចំនួន៣ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ការតភ្ជាប់សមុទ្រ និងសកម្មភាពមីន។ កិច្ចពិភាក្សាក៏បានគ្របដណ្តប់លើលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា នយោបាយ សេដ្ឋកិច្ច ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី