ភ្នំពេញ ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ នាទីស្តីការក្រសួង នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍បូកសរុបរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤
-ត្រួតពិនិត្យយានយន្តសរុប ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ
-ផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង
-ផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង
- ផ្ទុកលើសទម្ងន់កម្រិតកំណត់និងពិន័យ ចំនួន ១,៦០៦ គ្រឿង ក្នុងនោះរថយន្តឃាត់រក្សាទុក ១ឆ្នាំ ចំនួន ៩៨ គ្រឿង។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធាន ក៏បានណែនាំដល់លោកអនុប្រធានស្ថានីយទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បន្ថែមលើសពីនេះ គ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវសហការជាមួយក្រុមត្រួតពិនិត្យចល័តក្រសួង ដើម្បីចាត់វិធានការបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី