Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជារៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា»

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានរៀបចំពិធីបើកអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់សមត្ថភាពរបស់សមាជិកសភាស្ត្រីក្នុងតំបន់អស៊ាន នៅលើរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ នៅក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន-អាយប៉ា។ គួរបញ្ជាក់ផងដែរថា ពិធីបើកអង្គសិក្ខាសាលានេះ មានសមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញ នៃសភាកម្ពុជា សភាឡាវ សភាឥណ្ឌូនេស៊ី សភាម៉ាឡេស៊ី សភាថៃ និងសភាហ្វីលីពីន សរុបប្រមាណជាងមួយរយនាក់។

សិក្ខាសាលានេះទទួលបានជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ពី PCAsia និង ZIF និងសហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា​ នៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញុំា និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេចបានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។

នៅពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។ នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ច​ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ ដែលសមាជិកសភាត្រូវធ្វើ។

សូមជម្រាបថា សិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា មានការអញ្ជើញចូលរួមពីសមាជិកសភាមកពី បណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន។ សិក្ខាសាលានេះប្រារព្ធធ្វើនៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងពិធីបើកសិក្ខាសាលានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងផងដែរ ពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជាក្នុងការជំរុញនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ជាមោទនភាពជាខ្លាំង ដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមសមាជិកអាស៊ាន និងជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំរបាយការណ៍មានលក្ខណៈទូលំទូលាយ ស្តីពី “លទ្ធផល នៃការវាយតម្លៃឱកាស សម្រាប់ស្ត្រីក្នុងប្រតិបត្តិការសន្តិភាព” ដែលត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ២០២៣។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីនៅគ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ បានអនុម័តឯកសារជាច្រើន ដើម្បីជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ រួមទាំងផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងឯកសារទស្សនទាន ស្តីពីការពង្រឹងយន្តការគាំទ្រ ដល់កងរក្សាសន្តិភាពស្ត្រីអាស៊ាន ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីសម្រេចចិត្ត ស្តីពីការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រី ក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើម និងសហការគាំទ្រដោយសភាកម្ពុជា ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សមាជិកសភាក៏អាចដើរតួនាទីជាអ្នកកសាងសន្តិភាព ជាពិសេសក្នុងពេលមានវិបត្តិ។ សមាជិកសភាគួរយកចិត្តទុកដាក់ ប្រើប្រាស់តួនាទីដើម្បីបន្ធូរបន្ថយនូវភាពតានតឹង ជំរុញការសន្ទនា ការជឿទុកចិត្ត និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាមរយៈការស្វែងយល់ពីបញ្ហាប្រឈម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខ។ ការស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ វាពិតជាមានតម្លៃហើយអាចឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថាសិក្ខាសាលាដ៏មានសារៈសំខាន់នេះនឹងប្រមូលផ្តុំ ទស្សនៈល្អៗដើម្បីលើកកម្ពស់ និងបង្កើនយន្តការថ្មីៗបន្ថែមទៀតក្នុងការលើកកម្ពស់សមត្ថភាពស្រ្តីឱ្យមានការចូលរួមដោះស្រាយជម្លោះ និងកសាងសុខសន្តិភាព។ សម្តេចបានសង្កត់ធ្ងន់ថា ការជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិត្រូវការកិច្ចសន្ទនា និងការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្តេចបានរដ្ឋសភាបានលើកឡើងនូវចំណុចសំខាន់ៗ ចំនួនបួន ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងសកម្មភាពក្នុងការជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៖

ទី១)ត្រូវកំណត់ឱ្យបានច្បាស់នូវវិធានច្បាប់ និងគោលនយោបាយមានប្រសិទ្ធភាព ដើម្បីផ្តល់សិទ្ធិអំណាច និងផ្តល់លទ្ធភាពឱ្យស្ត្រីចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចរចា ការសន្ទនា ការសម្រុះសម្រួល និងកិច្ចព្រមព្រៀងសន្តិភាព។ ទី២)ត្រូវពង្រឹងបណ្តាញជាតិ និងអន្តរជាតិ និងភាពជាដៃគូ ដើម្បីបង្កើនតួនាទីរបស់តំណាងរាស្រ្តស្ត្រី ក្នុងការជំរុញរបៀបវារៈ ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។ ទី៣)ត្រូវពង្រឹងសមត្ថភាពអ្នកដឹកនាំស្ត្រីគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ អន្តរជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីចូលរួមក្នុងការសម្រុះសម្រួល និងចរចាសន្តិភាព និងទី៤) ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់វេទិកា ដែលមានសុវត្ថិភាព និងបើកចំហ សម្រាប់ការចែករំលែកការអនុវត្តល្អៗ ក្នុងចំណោមអ្នកសម្រុះសម្រួល អ្នកចរចា និងអ្នករក្សាសន្តិភាពស្រ្តី ជាដើម​ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×