Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំស្វាយចន្ទី និងម្រេច មានក្ដីសង្ឃឹមខ្ពស់ឡើងហើយ ព្រោះក្រុមការងារសហគមន៍អឺរ៉ុប និងក្រសួងកសិកម្ម ជួយជ្រោមជ្រែងខ្លាំង

ភ្នំពេញ ៖ ដំណាំស្វាយចន្ទី និងម្រេច ដែលត្រូវបានជំរុញឱ្យក្លាយទៅជា កសិ-ឧស្សាហកម្មដ៏សំខាន់ កំពុងមានមុខមានមាត់ ក្ដីសង្ឃឹមកាន់តែខ្ពស់ឡើង ទាំងក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ ព្រោះក្រុមការងារសហគមន៍អឺរ៉ុប សហការជាមួយក្រសួងកសិកម្ម រុការប្រមាញ់ និងនេសាទ ជួយជ្រោមជ្រែង ដើម្បីជំរុញពន្លឿនកំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្ម កសិ-ពាណិជ្ជកម្មរបស់កម្ពុជា។

ក្រុមការងារសហគមន៍អឺរ៉ុប ក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប , អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក , តំណាងមកពីស្ថានទូតបារាំង , ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) , អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចុះទៅកាន់ចំការស្វាយចន្ទី និងម្រេចផ្ទាល់ នៅក្នុងទឹកដីខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ។

ការចុះធ្វើទស្សនកិច្ចដល់ទីតាំងចម្ការផ្ទាល់របស់ ក្រុមការងារសហគមន៍អឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លើការងារស្វាយចន្ទី និងម្រេចនេះ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករ និងក្រុមកែច្នៃ កំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និងម្រេច។ មិនតែប៉ុណ្ណោះ ក៏មានជំនួបពិភាក្សាមួយចំនួន ជាមួយក្រុមហ៊ុនកែច្នៃនាំចេញ ម្ចាស់ចម្ការ និងកសិករ ដើម្បីជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែចង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចេញ និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើប មានសារៈសំខាន់ចំពោះប្រព័ន្ធ កសិ-ចំណីអាហាររបស់កម្ពុជា, តាមរយៈការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានា នូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា, ហើយតាមរយៈការប្រមូលផ្តុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាពនេះ ពួកគាត់អាចកាត់បន្ថយថ្លៃដើមផលិត ពង្រឹងអំណាចចរចា ទាំងតម្លៃ និងបច្ចេកទេស ក៏ដូចជាធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង៕ ពិសិដ្ឋ CEN

×