ភ្នំពេញ ៖ ប្រធានគ្រប់គ្រងរមណីយដ្ឋាន Borobudur ប្រទេសឥណ្ឌូណេស៊ី មានប្រសាសន៍ថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់ជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ធ្វើឡើងតាមរយៈការស្រង់មតិ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរ រាប់លាននាក់ជុំវិញពិភពលោក ជាចំណុចដែលប្រទេសឥណ្ឌូណេស៊ី ចាប់អារម្មណ៍ មានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការណ៍។
ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យលោក Ricky SP Siahaan ប្រធានផ្នែកទីផ្សារនិងសេវាកម្មនៃPT Taman Wisata Candi ដែលគ្រប់គ្រងរមណីយដ្ឋាន Borobudur ប្រទេសឥណ្ឌូណេស៊ី ចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកដើម្បីពង្រីក កិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងតំបន់បេតិកភណ្ឌពិភពលោក របស់ប្រទេសទាំងពីរ គឺរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Borobudur។
លោក Ricky SP Siahaan មានប្រសាសន៍ថា លោកពិតជាមានក្តីរំភើបដែលបានមកកាន់ទីនេះ ស្របពេលពេលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់ជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ធ្វើឡើងតាមរយៈការស្រង់មតិ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោក ជាចំណុចដែលប្រទេសឥណ្ឌូណេស៊ីចាប់អារម្មណ៍ មានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការណ៍ រវាងរមណីយដ្ឋានអង្គរ របស់កម្ពុជានិងរមណីយដ្ឋាន Borobudur របស់ឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងល្អៗ ដូចជាការអភិរក្សការគ្រប់គ្រង ការអភិវឌ្ឈន៍ សេវាកម្មផ្សេងៗ។ ក្នុងនោះ តាមរយៈកម្មវិធី Twin World Heritage Program ខាងភាគីឥណ្ឌូណេស៊ីមានបំណងបង្កើតកិច្ចព្រមព្រៀង រវាងស្ថាប័នទាំងពីរ ដើម្បីជម្រុញការផ្សព្វផ្សាយអំពីគ្នាទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។
ថ្លែងក្នុងជំនួបនោះ លោក ហង់ ពៅ បានសម្តែងនូវអំណរសាទរ យ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូឥណ្ឌណេស៊ីថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ល្អៗ លើការអភិរក្ស ការជួសជុល ការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដល់បណ្តាប្រទេសផ្សេងៗដែលមានបំណងស្វែងយល់ អំពីបទពិសោធន៍ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឈន៍ដោយចីរភាពនៃរមណីយដ្ឋានអង្គរ។
លោកសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរាពេញចិត្តនឹងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ដែលបម្រើដល់ប្រយោជន៍បេតិកភណ្ឌទាំងមូល។ ម្យ៉ាងទៀតទស្សនៈវិស័យក្នុងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌពិភពលោក រវាងប្រទេសទាំងពីរ គឺមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ងាយសហការគ្នារីកចម្រើនទៅមុខ និងមានចំណុចពិសេសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងឥណ្ឌូនេស៊ីក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍។ លោកបន្ថែមថា ជោគជ័យរមណីយដ្ឋានអង្គរមកដល់ពេលនេះ គឺដោយមានការខិតខំ និងសហការណ៍ពីស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងវិស័យបេតិភណ្ឌ៕ ដោយ ៖ បញ្ញាស័ក្តិ