សៀមរាប ៖ លោកប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានថ្លែងថា ដើម្បីទាក់ទាញ់ភ្ញៀវទេសចរជនជាតិចិនឱ្យមកទស្សនាកម្ពុជា បានចំនួន២លាននាក់នៅឆ្នាំ២០២០ខាងមុខ មគ្គុទ្ទេសក៍ទេសចរណ៍ កម្ពុជានិយាយភាសារចិន គឺជាចំណែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន។
ព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហាឆ្នាំ២០១៨ក្រសួងទេសចរណ៍ជាមួយ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ (Beijing International Chinese College) ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ការបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ទេសចរចិន ឆ្នាំ២០១៨ ក្រោម អធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Liu Yunan ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាល ស្តីពី គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨ បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមពីមន្ត្រីនៃក្រសួង មន្ទីរទេសចរណ៍រាជធានី-ខេត្ត មគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកពីវិស័យឯកជនផ្នែកទេសចរណ៍ចំនួន ៧៨នាក់ ដែលបង្រៀនដោយគ្រូបង្រៀនឯកទេស និងអ្នកជំនាញចិនផ្ទាល់។
វគ្គបណ្តុះបណ្ដាលនេះ បានផ្តល់ជាចំណេះដឹង និងបទពិសោធន៍បន្ថែមពីអន្តរជាតិ និងការចែករំលែកបទពិសោធន៍ការងារជាក់ស្តែងស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងមគ្គុទ្ទេសក៍ទេសចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិន ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរចិន និងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រ សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍កម្ពុជា។
ក្នុងរយៈពេល ១៦ ថ្ងៃ នៃការបណ្តុះបណ្តាល សិក្ខាកាមបានសិក្សាពីភាសា និងវប្បធម៌ចិន របៀបដើម្បីកោតសរសើរបេតិកភ័ណ្ឌវប្បធម៌ គោលការណ៍សេវាកម្មមគ្គុទ្ទេសក៍ ទំនួលខុសត្រូវរបស់មគ្គុទ្ទេសក៏ទេសចរណ៍ ក្រមសីលធម៌ និងវិន័យមគ្គុទ្ទេសក៏ ការចែករំលែកបទពិសោធន៍ និង បានធ្វើតេស្តសមត្ថភាពនៅចុងវគ្គសិក្សា និងទទួលបាន បេក្ខជនចំនួន ៦នាក់ត្រូវបានជ្រើសរើសទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍បន្តនៅទីក្រុងបេកាំង ឆ្នាំ២០១៩។ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ
នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា នៅឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជា ចំនួន ៥,៦លាន នាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១,២លាន នាក់ កើនឡើង ៤៦% ឈរនៅលំដាប់ទី១ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឹននាក់ កើន ៧៦% និងមានចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា។ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន មានចំនួន ១០៤៦នាក់ ក្នុងនោះខេត្តសៀមរាបមាន ៨៥១នាក់។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទីផ្សារទេសចរចិនមានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក នៅឆ្នាំ២០២០អ្នកទេសចរចិន នឹងចេញក្រៅប្រមាណ២០០លាននាក់ ឬ ច្រើនជាងនេះ ហើយការចំណាយរបស់អ្នកទេសចរចិនទាំងនោះមានប្រមាណ ៤២០ប៊ីលាន ដុល្លារអាម៉េរិក។ នៅឆ្នាំ២០៣០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោក ប្រមាណ៣០០លាននាក់ទៅ៥០០លាននាក់ ហើយការចំណាយកើនដល់ប្រមាណ៨៥០ប៊ីលានដុល្លារអាម៉េរិក។ ដូច្នេះកម្ពុជាត្រូវតែទាញយកអ្នកទេសចរចិន និងចំណូលពីអ្នកទេសចរចិនឱ្យបានច្រើន។
លោកបានបញ្ជាក់ថា ដើម្បីទាក់ទាញ់ភ្ញៀវទេសចរជនជាតិចិនឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនជាពិសេសតាមផែនកម្ពុជា និងទទួលបានចំនួន២លាននាក់នៅឆ្នាំ២០២០នោះ មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារចិន គឺជាចំណែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន ព្រោះថា បើយើងមានមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារចិន ច្រើនផ្តល់សេវា កម្មនេះគ្រប់គ្រាន់ អ្នកទេសចរនឹងមកកម្ពុជាច្រើន ព្រោះថា កម្ពុជាមានសក្តានុពលទេសចរណ៍ ទាំងបែបប្រវត្តិសាស្ត្រ ធម្មជាតិ និងបេតិកភណ្ឌ។
លោក Liu Yunan ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ បានឱ្យដឹងថា វគ្គបណ្តុះបណ្តានេះ នឹងផ្តល់ជាចំណេះដឹង និងបទ ពិសោធន៍បន្ថែមពីអន្តរជាតិនិងការចែករំលែកបទពិសោធន៍ ការងារជាក់ស្តែងស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធ នឹងមគ្គុទ្ទេសក៍ទេស ចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទាក់ ទាញទេសចរចិន សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍កម្ពុជា។
លោក Liu Yunan បានគូសបញ្ជាក់ទៀតថា ដោយសារទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ខាងភាគីចិន និងជួយជំរុញអ្នកទេសចររបស់ខ្លួនឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន៕ ដោយ ៖ បញ្ញាស័ក្តិ