Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា ដែលបានព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែប នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អមដំណើរដោយ លោកជំទាវ ឌួង វណ្ណា, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវព្រមទាំង និងមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា នៅមន្ទីរពេទ្យខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា ដែលកន្លងមកតែងតែជួយដល់កុមារ និងមនុស្សចាស់ ក្នុងការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែបនៅទួទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកគឺការព្យាបាលនៅក្នុងខេត្តស្វាយរៀងនេះ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន ដែលជាក្រុមគ្រួពេទ្យស្ម័គ្រចិត្ត បានរួមគ្នា ក្នុងការបំពេញនូវការងារ មនុស្សធម៌ និងពិតជាបានចូលរួមចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោយបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរំលឹកផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរពេទ្យខេត្តស្វាយរៀង ដោយបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×