Friday, December 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋបានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែន សុខ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស ការសុំចាត់វិធានការចំពោះក្រុមយុវជនដែលជក់បារីអេឡិចត្រូនិក ,សុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈនៅផ្សារដើមអម្ពិល ,សុំធ្វើប័ណ្ណកម្មសិទ្ធិនិងការសុំធ្វើផ្លូវ ធ្វើលូនៅក្នុងមូលដ្ឋានផងដែរ។

ការស្នើរបែបនេះរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៥ធ្នូ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ខណ្ឌសែន សុខនៅពិភពថ្មីសែន សុខ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ក្រោមអធិបតីលោកជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងអោយឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានលើកឡើងថា៖ ឥឡូវអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងច្រើននាក់ណាស់ចង់ធ្វើប័ណ្ណ ប ស ស ខណៈដែលពួកគាត់មិនអាចធ្វើបាន។ ដូច្នេះសូមរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍។
ស្នើសុំឲ្យកងកម្លាំងនិងអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជន ជក់បារីអេឡិចត្រូនិក ដែលការជក់នេះធ្វើអោយប៉ះពាល់សុខភាព។ ស្នើសុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈនៅផ្សារដើមអម្ពិលដែលបង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ សុំការជួសជុលនិងសម្រួលធ្វើផ្លូវ ធ្វើលូ។

លោកសុខ ពេញវុធ បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌសែន សុខ នាព្រឹកនេះ មានប្រជាពលរដ្ឋចំនួន១០នាក់បានលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ដើម្បីអោយអាជ្ញាធរជួយដោះស្រាយនិងជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ។ ចំពោះសំណើរនិងសំណូមពរដោយផ្ទាល់មាត់ លោកសុខ ពេញវុធបានធ្វើការដោះស្រាយភ្លាមៗ ជាមួយនិងការបញ្ជាក់ថា៖ ការស្នើរបស់ប្រជាពលរដ្ឋខាងលើ ក្នុងនាមអាជ្ញាធរយើងនឹងធ្វើការដោះស្រាយ ដោយអោយអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យនិងវាយតំលៃ ដើម្បីឆ្លើយតប ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញធ្វើបានយើងធ្វើភ្លាម។តែបើហូសពីសមត្ថភាពយើងក៏មិនទុកចោលដែរ គឺសុំគោលការទៅថ្នាក់លើបន្តទៀត ជាក់ស្តែងដូចជាការស្នើសុំពីសំណាក់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងឱ្យមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស រដ្ឋបាលរាជធានីភ្នំពេញសុំគោលការទៅថ្នាក់ជាតិបន្តទៀត។ដោយឡែកចំពោះសំណើរជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅដោះស្រាយពេលក្រោយ។

ជាមួយគ្នានោះលោកជួប ខុន បានលើកឡើងថា៖ យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យ មានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងខណ្ឌរបស់ខ្លួនក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ។ ជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបាន អនុវត្តរួចហើយក្នុងឆ្នាំ២០២៤នេះ ស្របតាមច្បាប់កំណត់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះដែរ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាចំនួន៤ ដែលមានដូចជា៖ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

×