Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណើ សំណូមពរ និងបណ្ដឹងជូនពលរដ្ឋនៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានទទួលសំណើ សំណូមពរ និងបណ្ដឹងសរុបចំនួន២ករណី ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។

ករណីទី១៖ ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយស្នើសុំធ្វើស្រែលើដីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ និងអាស្រ័យផលកន្លងមក នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ករណីទី២៖ ប្រជាពលរដ្ឋ៩៦គ្រួសារ ដែលបានអះអាងថាឈ្មោះ អ៊ុង ប៉ូហ៊ី, ឈ្មោះ អ៊ុង ហូ និងបក្សពួកបានរំលោភយកដីរបស់ពួកគាត់ដែលជារបបរដ្ឋចែកឱ្យតាំងពីឆ្នាំ១៩៨២ បម្រុងលួចធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅតំបន់២ អូភេ ឃុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពាក់ព័ន្ធករណីខាងលើនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយនៅទីតាំងនីមួយៗ ដែលទទួលបានលទ្ធផល ដូចខាងក្រោម៖

ករណី១៖ ដីទំហំ១៥១,១៣២ហិកតា ដែលមានប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែងចំនួន ៦៧គ្រួសារ នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាដីស្ថិតក្នុងតំបន់២ (ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រប.ក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កាត់ឆ្កៀលចេញពីតំបន់៣)។

ចំពោះករណីនេះ រដ្ឋបាលខេត្តនឹងពន្លឿនចំណាត់ការលើសំណើស្នើសុំធ្វើការវាស់វែង ចុះបញ្ជីអាស្រ័យផលជូនប្រជាពលរដ្ឋ។ តបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ដែលស្នើសុំកិច្ចអន្តរាគមន៍ ក្នុងការបញ្ចុះតម្លៃទឹកស្រោចស្រព ឯកឧត្តមអភិបាលខេត្ត ក៏បានសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ទឹក ព្រមទាំងបានឯកភាពបញ្ចុះតម្លៃពី៤៤០,០០០រៀល មកត្រឹម៣៥០,០០០រៀល/ហិកតា តាមសំណូមពរ។

ករណីទី២៖ ដីទំហំ១២០ហិកតា ស្ថិតនៅក្នុងតំបន់២ អូរភេ ឃ្មុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋ៩៦គ្រួសារ ប្តឹងទាមទារដីទំហំ៩០ហិកតា ដែលដីនោះជាដ៏ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងបានចុះបញ្ជីជាដីរដ្ឋ ហើយក៏ជាកម្មវត្ថុនៃកិច្ចសន្យាវិនិយោគទៅឱ្យឯកជនចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ។

ករណីទាមទារខាងលើនេះ រដ្ឋបាលខេត្តនឹងបន្តសិក្សាស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ឈរលើមូលដ្ឋានច្បាប់ ដោយទុករយៈពេល៦សប្តាហ៍ក្នុងការសិក្សាលម្អិតបន្ថែម រួចត្រឡប់មកជួបបងប្អូនប្រជាពលរដ្ឋម្តងទៀត។

រដ្ឋបាលខេត្តក៏បញ្ជាក់ជូនអំពីការរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការថែរក្សាទ្រព្យសម្បត្តិស្របច្បាប់របស់រដ្ឋ និងចាត់វិធានការចំពោះជនខិលខូចដែលមានចេតនាទុច្ចរិត ញុះញង់ប្រជាពលរដ្ឋឱ្យមានការតវ៉ា និងការទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីរដ្ឋផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ ជៀសវាងជឿតាមការញុះញង់របស់ជនខិលខូចចូលទៅទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីស្របច្បាប់របស់រដ្ឋ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

×