រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ ៦០រូប។
ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ក.ប.ទ. បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលានេះ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana នៃប្រទេស Kazakhstan ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ សិក្ខាសាលានេះ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍសមត្ថភាពរយៈពេលបីឆ្នាំ (២០២៤-២០២៦) នៃមជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana Kazakhstan និង UNDP ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីសាធារណៈ ដើម្បីគាំទ្រដល់ការធ្វើអភិបាលកិច្ចឌីជីថលនិងបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសចូលរួមចំនួន ១២ រួមាន Armenia, Azerbaijan, Georgia, Kazakhstan, Kyrgyzstan, Tajikistan, Uzbekistan, Mongolia, Laos PDR, Bandgladesh, Philipine និងកម្ពុជា។
សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាឱ្យមន្រ្តីជាន់ខ្ពស់ និងអ្នកចូលរួម ដើម្បីផ្លាស់ប្តូរចំណេះដឹង ផ្តល់ឱកាសក្នុងការសន្ទនាផ្លាស់ប្តូរយោបល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយការទទួលខុសត្រូវ និងជាយុទ្ធសាស្រ្តសម្រាប់ជំរុញការធ្វើបរិវត្តកម្មលើតួនាទីរបស់រដ្ឋាភិបាល ការរៀបចំនិងការអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងសិក្ខាសាលានេះ អ្នកជំនាញមកពីក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) នឹងធ្វើការចែករំលែកចំណែះដឹង ជំនាញ និងឧត្តមានុវត្តន៍ថ្មីៗទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈនៅក្នុងប្រទេសកូរ៉េ។
បន្ថែមពីលើនេះ អ្នកជំនាញពីធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក៏នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធដែលអនុញ្ញាតឱ្យអ្នកចូលរួមទទួលបាននូវការយល់ដឹងបន្ថែមក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការរៀបចំនិងដំណើរការនៃអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ផ្ទះ ក.ប.ទ. ក៏នឹងចែករំលែកឧត្តមានុវត្តន៍និងបទពិសោធរបស់កម្ពុជា អំពីដំណើរនៃការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការធ្វើអភិបាលកិច្ចនិងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកសាងសមត្ថភាពលើជំនាញឌីជីថលនៅកម្ពុជា ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី