ភ្នំពេញ ៖ ប្រទះឃើញសាកសពស្ត្រីម្នាក់នៅក្បែរបន្ទប់ទឹក ក្នុងផ្ទះ បូរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២៣ ខែ វិច្ចិកា ឆ្នាំ ២០១៧។ សពស្ត្រីដែលប្រទះឃើញស្លាប់មានឈ្មោះ ឡេង មុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុ ដោយមានឈ្មោះ ហៀក ស៊ុក អាយុ៣៤ ឆ្នាំ បើកបររថយន្តដឹកដី មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីកូនៗ របស់ជនរងគ្រោះវិលពីសាលារៀនវិញ មកដល់ផ្ទះ រុញទ្វារចូល ស្រាប់តែប្រទះឃើញម្តាយ ដេកស្តូក ស្រែកយំហៅអ្នកជិតខាងមកមើល ទើបដឹងថា ដេកស្លាប់ ហើយរបស់របរ មួយចំនួនរាយប៉ាយពេញផ្ទះ រួចទើបទូរស័ព្ទប្រាប់ប្តីរបស់ស្ត្រីរងគ្រោះដែលកំពុងចេញទៅបើកបររថយន្តដឹកដីបាត់ ។
តែបើតាមអ្នកជិតខាង បានឲ្យដឹងថា គ្រួសារខាងលើ កាលពីព្រឹកថ្ងៃទី២៣នេះ ប្តីរបស់ជនរងគ្រោះ បើករថយន្តដឹកដីចេញទៅបាត់ កូនៗ២នាក់ ក៏ចេញទៅសាលារៀនដែរ សល់តែស្ត្រីរងគ្រោះនៅផ្ទះម្នាក់ឯង ហើយគេឃើញបុរសម្នាក់ ចូលទៅជជែកលេង ជាមួយស្ត្រីរងគ្រោះ តែមិនបានដឹងថា ជាអ្នកណា ឬសាច់ញាតិ ហើយក៏ចេញទៅបាត់ រហូតដល់ កូនៗរបស់ជនរងគ្រោះ មកពីសាលារៀនវិញ ទើបប្រទះឃើញម្តាយដេកស្លាប់ បង្កឲ្យឆោឡោតែម្តង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។
តាមបុរសជាប្តី បានឲ្យដឹងថា ប្រពន្ធខ្លួនទើបខ្ចីលុយគេ១មុឺនដុល្លារ កាលពី៣ថ្ងៃមុន ដើម្បីយកមកធ្វើដើមរកស៊ី ហើយទើបតែចំណាយអស់១ពាន់ដុល្លារនោះទេ។ នៅកន្លែងកើតហេតុ មតិលើកឡើងផ្សេងៗគ្នា អ្នកខ្លះសន្និដ្ឋានថាជាករណីប្លន់សម្លាប់យកលុយ៩ពាន់ដុល្លា ព្រោះនៅខ្លួនជនរងគ្រោះមានស្លាកស្នាម និងរបស់របរក្នុងផ្ទះរប៉ាត់រប៉ាយ ខុសប្រក្រតី តែមតិខ្លះថាស្លាប់ដោយសារជម្ងឺខ្យល់គ។ ទោះជាយ៉ាងណាក្តី ករណីខាងលើ សមត្ថកិច្ចជាករណីប្លន់សម្លាប់ ព្រោះកាបូបនឹងសម្ភារៈរបស់ស្ត្រីបានបាត់បង់ ៕ ដោយ៖កូឡាប