ពោធិ៍សាត់៖ បុរសចំណាស់ម្នាក់ ដែលបាត់ខ្លួនចេញពីផ្ទះ រយៈពេលមួយថ្ងៃ ត្រូវបានប្រទះឃើញស្លាប់ក្នុងទឹកអូរក្នុងភូមិ ដោយដាច់ក្បាល។ នគរបាលមូលដ្ឋានបានសន្និដ្ឋានថា នេះជាករណីឃាតកម្ម ដោយឃាតករកាប់ជនរងគ្រោះ ដាក់ក្បាលចេញពីខ្លួន ទុកសពក្នុងទឹកស្ទឹង ហើយសមត្ថកិច្ចជំនាញ សន្និដ្ឋាន ជាករណីទំនាស់ពាក្យសម្ដី និងបានកំណត់មុខសញ្ញាជនសង្ស័យ៣នាក់។ ចំណែកក្បាលជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ច ក៏ដូចជា សាច់ញាតិ រកឃើញនោះទេ សង្ស័យហូរតាមទឹកទៅទីឆ្ងាយបាត់ហើយ។ ករណីនេះកើតឡើងក្នុងប្រឡាយទឹកអូរ ស្ថិតនៅចំណុចភូមិក្សេត្របូរី ឃុំសន្ទែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលសាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ។
ទាក់ទងនឹងអំពើឃាតកម្ម សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ជាករណីចងគំនុំ ហើយកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកជនដៃដល់ មកផ្ទន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចនគរបាល ស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពីសមត្ថកិច្ចជំនាញស្រុកដឹកនាំ ដោយលោកអធិការ សហការជាមួយកម្លាំងជំនាញ នគរបាលខេត្តចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះសង្ស័យបណ្ដាលមកពី ទំនាស់ពាក្យសម្ដី ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីធ្វើការបំភ្លឺ របស់ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ យ៉ម ហុន និង ប្រជាពលរដ្ឋឈ្មោះ អឹម សុខារួចមក ក្នុងនោះសមត្ថកិច្ចកម្លាំងជំនាញ បានកំណត់មុខសញ្ញាជនសង្ស័យចំនួន៣នាក់អាចពាក់ព័ន្ធករណីនេះ៕ ដោយ៖បញ្ញាស័ក្តិ