Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារពិភពលោក​ និងធ្វើការងារជាមួយគ្នាបន្ថែមទៀត ក្នុងវិស័យកសិកម្ម​

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោក​ (The World Bank) ប្រចាំកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០២៤​។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ​ និងស្វាគមន៍លោកស្រីនាយកប្រចាំប្រទេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតក្នុងវិស័យកសិកម្ម​។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មក្នុងការរក្សាស្ថេរភាពថ្លៃកសិផល​សម្រាប់ប្រជាកសិករ​ និងអ្នកប្រេីប្រាស់​​ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ​ ដែលជាជំនួយការ​របស់ប្រជាកសិករ​ជួយទៅលើផ្នែកបច្ចេកទេសនិងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដេីមផលិត​ មានផែនការច្បាស់លាស់​ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ​ មានការគាំទ្របច្ចេកទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះគឺផ្តោតសំខាន់ទៅលើគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដោយមិនប្រកួតប្រជែងបរិមាណឡើយ។

ពាក់ព័ន្ធនឹងការងារឌីជីថលូបនីយកម្ម​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងថាការងារនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម​ ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ទីកន្លែង​ដូចជា​ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ​ គ្រឹះស្ថានអប់រំ​ ការងារមន្រ្តីភូមិ-ឃុំ​ សហគមន៍កសិកម្មទំនេីប​ និងកសិករនៅមូលដ្ឋានជាក់ស្តែង​ សុទ្ធសឹងតែត្រូវការដេីម្បីអនុវត្តការងារមានភាពទំនេីបកម្ម​ រហ័សទាន់ពេលវេលា​ និងមានភាពងាយស្រួល​ ។ ក្នុងការងារនេះ​ ក្រុមការងារធនាគារពិភពលោកអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជំរុញកម្មវិធីផ្សេងៗដែលអាចប្រេីប្រាស់បានទូលំទូលាយ​ មានការគ្រប់គ្រងច្បាស់លាស់​ និងអាចជួលជុលថែទាំបានប្រកបដោយប្រសិទ្ធភាព។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងអភិវឌ្ឍនានាជាមួយធនាគារពិភពលោក​ ជាពិសេសជាមួយលោកស្រី Tania Meyer ប្រកបដោយលទ្ធផលផ្លែផ្កា​ និងទទួលជោគជ័យទាំងអស់គ្នា​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×