Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក របស់ប្ដី-ប្រពន្ធ តាល់ ចន្ទ្រា និង រស់ បញ្ញា គ្មានលក្ខណៈសម្បទាវិជ្ជាជីវៈ និងបទដ្ឋានគតិយុត្តត្រឹមត្រូវ ប៉ុន្តែធ្វើសកម្មភាពសាងសង់ ២៥ រាជធានី-ខេត្ត

តាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន CEN ទទួលបានពីវិស្វករសំណង់មួយចំនួន ពួកគេមានការព្រួយបារម្ភណាស់ ចំពោះក្រុមហ៊ុន សហគ្រាស នគរូបនីយកម្ម និងសំណង់មួយចំនួន ប្រតិបត្តិការមិនមានភាពទទួលខុសត្រូវ ជាក់លាក់ ច្បាស់លាស់ ពោលគឺ មិនមានលក្ខណៈសម្បទាវិជ្ជាជីវៈពេញលេញ ធ្វើឱ្យបាត់បង់គុណភាពនៃសំណង់ ប្រេះស្រាំ ស្រុត ទ្រេត បាក់រលំ គ្រោះថ្នាក់ដល់ជីវិតមនុស្សច្រើននាក់ ហើយតាំងក្រុមហ៊ុននោះ មិនទទួលខុសត្រូវ គេចខ្លួន, ក្នុងនោះ ការស៊ើបអង្កេតរកឃើញក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក ដែលមានអ្នកស្រី តាល់ ចន្ទ្រា ជាប្រធាន និងលោក រស់ បញ្ញា ជាប្ដី និងជាអ្នកទំនាក់ទំនងរកអតិថិជននោះ មិនបានបំពេញនីតិសម្បទាវិជ្ជាជីវៈ និងបទដ្ឋានគតិយុត្តត្រឹមត្រូវនោះទេ, ការណ៍នេះ ធ្វើឱ្យមហាជន សាធារណជន មានការព្រួយបារម្ភជាខ្លាំង ប្រសិនបើក្រុមហ៊ុនមួយនេះ បង្កគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសស្នាមមនុស្ស ពេលដំណើរការសាងសង់ វាមិនវឹកវរទៅហើយទេ ?!! តើអ្នកណាទទួលខុសត្រូវ?!!

ក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក នេះ មានអាសយដ្ឋាន បុរីផាកវីឡា ផ្ទះលេខ1P ផ្លូវ01 ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នកស្រី តាល់ ចន្ទ្រា ជាប្រធាន និងលោក រស់ បញ្ញា ជាប្ដី និងជាអ្នកទំនាក់ទំនងរកអតិថិជន បានដំណើរការយូរឆ្នាំហើយ ដោយបើកសេវាប្រតិបត្តិការរបស់ខ្លួនរួមមាន គូរប្លង់ ដេគ័រ និងសាងសង់ ជាពិសេស គឺក្រុមហ៊ុននេះ បានហៅខ្លួនឯងថា អ្នកឯកទេសសំណង់ និងម៉ៅការសាងសង់ ២៥ រាជធានី-ខេត្ត, ធាតុពិត មិនមានលក្ខណៈសម្បទាវិជ្ជាជីវៈគ្រប់គ្រាន់នោះទេ គឺខ្វះបទដ្ឋានគតិយុត្ត, កាលណាមិនមានបទដ្ឋានគតិយុត្ត ពេលប្រតិបត្តិការ ហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ក្រុមហ៊ុននេះងាយនឹងមិនទទួលខុសត្រូវ ចំពោះអតិថិជន ក្រុមការងារជាងសំណង់ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់  គឺដោយសារតែគេមិនមានបទដ្ឋានគតិយុត្តត្រឹមត្រូវ ដូចជា ក្រុមហ៊ុនបិទទ្វារ, មិនលើកផ្លាកយីហោ ឬឈ្មោះក្រុមហ៊ុន, មិនមានការចុះបញ្ជីលក្ខណៈសម្បទាវិជ្ជាជីវៈនៅគណៈវិស្វករកម្ពុជា, កំហុសឆ្គងទាំងនេះហើយ ហៅថា មិនមានលក្ខណៈសម្បទាវិជ្ជាជីវៈគ្រប់គ្រាន់ និងបទដ្ឋានគតិយុត្ត ដែលនេះជាក្ដីបារម្ភចំពោះផលអវិជ្ជមានដោយប្រការណាមួយកើតឡើងក្នុងពេលបំពេញការងារ ដូចជា មានគ្រោះថ្នាក់អ្វីមួយកើតឡើងជាដើម។

និយាយដល់ លក្ខណៈសម្បទាវិជ្ជាជីវៈ និងបទដ្ឋានគតិយុត្តនេះ គឺរាល់បណ្ដាក្រុមហ៊ុន សហគ្រាស ត្រូវបានស្ថាប័នរដ្ឋតម្រូវឱ្យ សុំច្បាប់ អាជ្ញាប័ណ្ណ ចុះបញ្ជី នៅក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម , អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , ក្រសួងមហាផ្ទៃ , លើកផ្លាកឈ្មោះក្រុមហ៊ុន , បញ្ជាក់ពីអាសយដ្ឋានច្បាស់លាស់ , មានរបាយការណ៍ ព័ត៌មានជាក់លាក់ប្រគល់ឱ្យទីភ្នាក់ងារចុះបញ្ជីនៅឯទីស្នាក់ការចុះបញ្ជី , និងសុំច្បាប់ពីសាមីក្រសួងជំនាញទាក់ទងនឹងសេវាកម្មរបស់ក្រុមហ៊ុននោះ, ” នេះបើយោងច្បាប់ស្ដីពី  វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រង់ មាត្រា ៣ ថ្មី , មាត្រា ៤ ថ្មី , មាត្រា ៥ ថ្មី ” ឆ្នាំ២០២២ ឡាយព្រះហស្ដលេខាឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ញត្តិពាក់ព័ន្ធដទៃទៀត។

ជាក់ស្ដែងដូចជា ក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក នេះជាដើម គេពិនិត្យឃើញមិនមានការលើកផ្លាកឈ្មោះក្រុមហ៊ុន, មិនមានចុះបញ្ជីលក្ខណៈសម្បទាវិជ្ជាជីវៈនៅគណៈវិស្វករកម្ពុជា,  ទាំងនេះហើយ ហៅថា មិនមានបទដ្ឋានគតិយុត្តត្រឹមត្រូវ ហើយបើមានបញ្ហាអ្វីមួយ ងាយនឹងធ្វើឱ្យក្រុមហ៊ុននេះមិនទទួលខុសត្រូវ ឬគេចវេះ ប៉ះពាល់ទៅដល់ស្ថាប័នជំនាញរបស់រដ្ឋ អតិថិជន ក្រុមការងារ និងប្រជាពលរដ្ឋ។ 

សូចនាករពីគ្រោះថ្នាក់នៃក្រុមហ៊ុន នគរូបនីយកម្ម និងសំណង់មួយចំនួន បានបង្ហាញថា កន្លងមកមានការសាងសង់អគារសំណង់មួយចំនួន ជួបគ្រោះថ្នាក់ពេលកំពុងប្រតិបត្តិការការងារ ដូចជា ទ្រេត ស្រុត បាក់រលំ បង្កគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសស្នាមជាច្រើននាក់, ជាក់ស្ដែង ដាច់​កន្ត្រក​ជណ្តើរយន្ត ពី​ជាន់​ទី​៨ នៃ​អគារ​ការដ្ឋាន​មួយ​កន្លែង បណលឱ្យកម្មករ​ប្រុស​ចំនួន​០៥​នាក់ស្លាប់បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ហេតុការណ៍​នេះ​កើតឡើងវេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅចំណុចការដ្ឋាន​អគារកំពុង​សាងសង់​មួយ​កន្លែង ក្បែរស្តុ​ប​វត្ត​មហាមន្ត្រី តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ បាក់រលំអគារកម្ពស់ ៧ជាន់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឱ្យស្លាប់មនុស្សស្លាប់២៨នាក់ និងរបួស​២៦នាក់។ បាក់រលំអគារកម្ពស់ ៦ជាន់ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង ៤ និង១៥នាទីរសៀ​ល ថ្ងៃទី០៣ខែមករា ឆ្នាំ២០២០, ក្រុម​ការ​ងារបានជួយសង្គ្រោះយកមនុស្សចេញពីគំនរបាក់បែក មានចំនួន ២៣នាក់ ក្នុងនោះស្លាប់ ៥​នា​ក់។

បើយ៉ាងដូច្នេះ ចុះទម្រាំក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក គ្មានលក្ខណៈសម្បទាវិជ្ជាជីវៈគ្រប់គ្រាន់ និងបទដ្ឋានគតិយុត្តត្រឹមត្រូវនេះ តើនឹងបង្កហានិភ័យគ្រោះថ្នាក់យ៉ាងណា?!!  មហាជន ក៏ដូចជាសាធារណជន ស្នើសុំស្ថាប័នជំនាញ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ព្រមទាំងគណៈវិស្វករកម្ពុជា មេត្តាមានវិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុននេះផង ចៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសស្នាមប្រជាពលរដ្ឋ ហើយបន្សល់ទុកនូវសោកនាដកម្ម, ពោលគឺ ” ការពារ ប្រសើរជាងព្យាបាល ” ។

បើនិយាយពីបញ្ហាគេចវេះពីការអនុលោមតាមច្បាប់វិញ មានក្រុមហ៊ុនមួយចំនួន បានព្យាយាមគេចវេះពីការចុះបញ្ជីត្រឹមត្រូវតាមលក្ខណៈច្បាប់ (បទដ្ឋានគតិយុត្ត) ដើម្បីទទួលបានប្រយោជន៍ជាច្រើនពីការបង់សេវាផ្សេង និងពន្ធជូនរដ្ឋ ហើយទទួលបានប្រយោជន៍ជាច្រើនផ្សេងទៀតពីការប្រកួតប្រជែងពាណិជ្ជកម្មមិនស្របច្បាប់ ឬហៅថា ការប្រកួតប្រជែងមិនយុត្តិធម៌ បើធៀបទៅនឹងក្រុមហ៊ុន សហគ្រាស ដែលអនុលោមតាមច្បាប់ជាធរមាន, ក្នុងនោះ សាជីវកម្ម អាជីវកម្ម ក្រុមហ៊ុន សហគ្រាស និងសេវាកម្មផ្សេងៗ ដែលគ្មានទំនួលខុសត្រូវផ្នែកច្បាប់ពេញលេញ ( បន្លំខ្លះ )  អាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន សង្គម និងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ( ជាពិសេសក្រុមហ៊ុនសំណង់តែម្ដង ដូចជា សំណង់ប្រេះស្រាំ ទ្រេត ស្រុត បាក់រលំ ច្បាស់ជាជះឥទ្ធិពលអាក្រក់ដល់សង្គម ប៉ះពាល់ស្ថាប័នជំនាញរបស់រដ្ឋ និងប៉ះពាល់ដល់អាយុជីវិត និងរបួសស្នាមប្រជាពលរដ្ឋ បន្សល់ទុកនូវសោកនាដកម្ម) , ដោយសារក្ដីបារម្ភ មហាជន ក៏ដូចជាសាធារណជន ស្នើសុំស្ថាប័នជំនាញ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ព្រមទាំងគណៈវិស្វករកម្ពុជា មេត្តាមានវិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក ដែលគ្មានលើកផ្លាកឈ្មោះក្រុមហ៊ុនស្របតាមច្បាប់, គ្មានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា, គ្មានលក្ខណៈសម្បទាវិជ្ជាជីវៈ និងបទដ្ឋានគតិយុត្តត្រឹមត្រូវ។

ដើម្បីបញ្ជាក់ការពិតយ៉ាងណានោះ CEN បានព្យាយាមទំនាក់ទំនងទូរស័ព្ទទៅកាន់ក្រុមហ៊ុន ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក តាមរយៈលេខ ០៨១ ២៨០ ២៨០ របស់ក្រុមហ៊ុន ដើម្បីសុំការបំភ្លឺបកស្រាយអំពីករណីនេះ ស្របតាមវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែទូរស័ព្ទខលអត់ចូល, យើងបានព្យាយាម ៣-៤ដង នៅតែខលអត់ចូល… ដូច្នេះ មិនមានទិន្នន័យក្នុងការបំភ្លឺបកស្រាយទេ៕ ពិសិដ្ឋ CEN

×