ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាគ្រឹះនៃសន្តិភាពរបស់ប្រទេសជាតិ នឹងនាំឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះយើងចាំបាច់ត្រូវការអ្នកមានជំនាញច្បាស់លាស់។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានថ្លែងក្នុងពិធីជួបជុំពិភាក្សាអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រៀបចំជាដំបូងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

លោក សាយ សំអាល់ បានលើកឡើងពីតួនាទី និងសារសំខាន់ នៃការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាឧបករណ៍ដ៏អស្ចារ្យ ក្នុងការបង្ហាញនូវសេចក្តីពិត និងការអភិវឌ្ឍប្រទេសក្នុងអនាគត។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាគ្រឹះនៃសន្តិភាព របស់ប្រទេសជាតិ នឹងនាំឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះយើងចាំបាច់ត្រូវការអ្នកមានជំនាញច្បាស់លាស់។

លោក សាយ សំអាល់ លើកទឹកចិត្តនិស្សិតកម្ពុជា ចាប់យកជំនាញសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានច្រើនថែមទៀត ព្រោះការសិក្សាស្រាវជ្រាវលើជំនាញនេះ មានតិចតួចនៅឡើយ។ “យើងត្រូវហ៊ានមើលឆ្ងាយ នាពេលបច្ចុប្បន្ន យើងរៀនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បរក្សានូវស្ថេរភាព និងដើម្បីធានាសន្តិសុខ របស់កម្ពុជាផងដែរ” នេះជាការលើកឡើងបន្ថែម របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានឲ្យដឹងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺមានសារសំខាន់ណាស់ ដែលជាធាតុ ចូលក្នុងការផ្តល់នូវការអភិវឌ្ឍ របស់ប្រទេសជាតិ ដែលបណ្តាប្រទេសនានា នៅទូទាំងពិភពលោក បានវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ជាមួយការកែច្នៃអ្វី ដែលថ្មីៗសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។ សូមបញ្ជាក់ថា គោលបំណងដែលថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្តួចផ្តើម ប្រមូលផ្តុំគំនិត នៃអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតទៅលើការពង្រឹង ក្រមសីលធម៌ នៃការស្រាវជ្រាវ ស្រឡាញ់សច្ចភាព និងការចង់ដឹង ដើម្បីឈានឆ្ពោះទៅកាន់ភាពជោគជ័យ នៃការអភិវឌ្ឍន៍ប្រទេសថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ


