កណ្ដាល៖ បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថា មានការលួចលេងល្បែងស៊ីសងជល់មាន់ នៅ ថ្ងៃទី០៨ ខែធ្នូ ឆ្នំា២០២៤ នៅចំណុចដីចំការចេក ក្រោយភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាលកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយមេឃុំឫស្សីជ្រោយ កំលាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារដឹកនាំដោយលោក យី យ៉េន អភិបាលស្រុកមុខកំពូលបានចុះទៅដល់កន្លែងទីតាំងនិងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមនិងវត្ថុតាង ខណៈក្រុមជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន។
ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការបង្ក្រាបករណីខាងលើ កម្លាំងជំនាញបាននាំយកជនសង្ស័យ និងវត្ថុតាងទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដោយបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក។
ប្រភពបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់៖ ១៖ ឈ្មោះ ជឹម ម៉ន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ។មានទីលំនៅសព្វថ្ងៃ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៣៖ ឈ្មោះ ឃ្លី យ៉ារ៉ូ ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិ ពុកឬស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចំពោះវត្ថុតាងចាប់យកបានមាន៖ មាន់ជល់ចំនួន០២ក្បាល, ស៊ុមក្រុងមាន់ចំនួន១៤, កន្ត្រក់ដាក់មាន់ចំនួន០៣, ជ័រហ៊ុសង្វៀនចំនួន០២ដុំ, កំរាលក្រាលជើងមាន់ចំនួន០៨, រថយន្តចំនួន០៤គ្រឿង, ម៉ូតូចំនួន៣០គ្រឿង, Passapp ចំនួន០១គ្រឿងនិងធុងទឹកកកចំនួន០១។ ទាក់ទិនជនសង្ស័យទាំង៣នាក់ខាងលើ ដែលក្រុមប៉ូលិសខេត្តកណ្ដាលបានខិតខំបង្ក្រាបទម្រាំចាប់ឃាត់ខ្លួនបានក៏មានក្រុមជើងរត់ការចង់ដោះលែងឲ្យរួចផុតពីសំណាញ់ច្បាប់ដែរ តែទៅមិនរួចដោយមានលោកចៅហ្វាយខេត្តកណ្ដាលបញ្ជាមិនឲ្យមានការអន្តរាគមន៍ណាមួយឡើយ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី១០ខែធ្នូនេះ តាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល។
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ម៉ូតូ រថយន្ត សម្ភារៈ ទាំងនេះ គឺប្រមូលបានពីកន្លែងបង្ក្រាប ការលួចជល់មាន់ នៅដីចំការចេក ក្រោយភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល
ចាំមេីលមុខម្ចាស់ និង ស្ដាប់ហេតុផល បកស្រាយយ៉ាង? ក្រោយពេលសមត្ថកិច្ចទៅដល់ ម្ចាស់រត់ចោលចូលព្រៃយ៉ាងលឿន គ្មានស្ដាយស្រណោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








