រាជធានីភ្នំពេញ ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ពិធីបញ្ចុះបឋមសីលាបើកការដ្ឋាន សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ” ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
អនុសាសន៍របស់សម្តេចមហាបវរធិបតី៖
ទី១. ក្រសួងសុខាភិបាល និងវិស័យឯកជនក្នុងវិស័យសុខាភិបាល ត្រូវបន្តធ្វើការកែទម្រង់ ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈ បន្តអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធី សិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល និងផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ទាំងជំនាញរឹង និងជំនាញទន់, ជាពិសេស ការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានសុខាភិបាលរដ្ឋ និងជាឯកជន។
ទី២. ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យនិស្សិត និងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល ឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈស្វ័យសិក្សា និងការសិក្សា ស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាព, ព្រមទាំងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ដែលជាការរួម ចំណែកដល់ការកសាងម៉ូឌែលកំណើនថ្មីនៅកម្ពុជា ដោយផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាព សេវា នៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្ត ចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬ អតិថិជន រៀបចំ និងអនុវត្តសកម្មភាពកែលម្អ គុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាទៅដល់កម្រិតមួយដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលយកបានដោយពេញចិត្ត។ ទន្ទឹមនេះ ក្រសួង សុខាភិបាល ត្រូវលើកកម្ពស់ភាពឆ្លើយតប និងគណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំ សុខភាពមានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺ និងសាធារណជន, តាមរយៈ ការអនុវត្តយន្តការ សម្រាប់ទទួលព័ត៌មានត្រឡប់ ឬ ការត្អូញត្អែររបស់អ្នកជំងឺ នៅមូលដ្ឋានសុខាភិបាល និងធ្វើការដោះស្រាយទាន់ពេល ត្រឹមត្រូវតាមស្មារតីវិជ្ជាជីវៈ។
ទី៤. ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជា ទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកបណ្តុះនូវនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាព ជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេស សូមលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា ឱ្យបន្តអភិវឌ្ឍ សមត្ថភាព ជាប្រចាំ និង បង្កើនការស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បី លើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការបង្រៀន និង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ជាក់ស្តែង ក្នុងការផ្ទេរចំណេះដឹងដល់និស្សិត និង រួមចំណែកដល់ការអភិវឌ្ឍមូលធន មនុស្សក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។
ទី៥. គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការ អនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិនិត្យកែសម្រួល ឬ បង្កើតថ្មីនូវលិខិត បទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាពនៃសភាពការសង្គម និងឌីជីថលភាវូបនីយកម្ម។ គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពបុគ្គលដែលកំពុងអនុវត្តការងារ
នៅកម្ពុជាទៅតាមជំនាញវិជ្ជាជីវៈសុខាភិបាលរៀងៗខ្លួន ក៏ដូចជាជំរុញការចុះបញ្ជីកា អ្នកវិជ្ជាជីវៈសុខាភិបាល ការស្នើ និង ការបន្តអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល, និង សម្របសម្រួលលើកទឹកចិត្តឱ្យមានការបន្តអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល, ព្រមទាំង ត្រូវរៀបចំផែនការ និង ចុះពិនិត្យសម្បទាក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាលជាទៀង ទាត់ និងត្រូវតាមដានជាប្រចាំនូវបាតុភាពវិជ្ជាជីវៈ និងឆ្លើយតបដោះស្រាយឱ្យបានទាន់ ពេល ប្រកបដោយប្រសិទ្ធភាព។
ទី៦. អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីល ធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និង និយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារក្នុងដែនកំណត់ វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន និងចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ។ គ្រូពេទ្យ បុគ្គលិក បច្ចេកទេស ទាំងក្នុងផ្នែកសាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើ សេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់។ បន្ថែមលើនេះ, ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុក ចិត្ត តាមរយៈឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និង គ្រួសារឱ្យចូលរួមក្នុង ការសម្រេចចិត្តលើការព្យាបាល, ផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺ ជាដើម។
ទី៧. គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និង សេចក្តីថ្លៃថ្នូរ ដោយប្រកាន់ ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជា ពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌, ដោយត្រូវធានាថាគ្មាន អ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួលបានសេវាថែទាំ ព្យាបាល ដោយសារតែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ។
ទី៨. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំ សុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហា សុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











