ភ្នំពេញ, បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ , ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងដឹកនាំអ្នកសារព័ត៌មានប្រមាណ៦០នាក់មកពី២៦ស្ថាប័នផ្សាយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស ឆ្ពោះទៅកាន់ខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។
ដូចការគ្រោងទុក ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងដឹកនាំអ្នកសារព័ត៌មានប្រមាណ៦០នាក់មក ពី២៦ស្ថាប័នផ្សាយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។ នេះជាបេសកកម្មលើកទី២សម្រាប់ខេត្តព្រះសីហនុ និងជា លើកទី៦របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅ ខេត្តព្រះសីហនុ, កែប, សៀមរាប, រមណីយដ្ឋានឋានសួគ៌បូកគោ និងខេត្តពោធិ៍សាត់។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា «បេសកកម្មផលិតនិងផ្សព្វផ្សាយ ព័ត៌មាននៅខេត្តព្រះសីហនុលើកនេះមានទ្រង់ទ្រាយធំជាងមុនដោយគ្របដណ្តប់ជាអាទិភាពលើការទាក់ទាញ អ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅខេត្តមួយនេះ។ រីឯអាទិភាពបន្ទាប់ គឺវិស័យទេសចរណ៍ ការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស សន្តិសុខ សេវាកម្មម្ហូបអាហារ តំបន់កសិឧស្សាហកម្ម និងបរិស្ថាន»។
តាមរយៈបេសកកម្មរយៈពេល៤ថ្ងៃនេះ ក.អ.ក រំពឹងថាអត្ថបទសារព័ត៌មានរាប់រយនិងច្រើនភាសា នឹងត្រូវបានផ្សព្វផ្សាយទូលាយទាំងក្នុងនិងក្រៅប្រទេស ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្រូប យកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះកាន់តែច្រើន។
ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗ ជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បី ជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


