រាជធានីភ្នំពេញ ៖ បើតាមសេចក្តីណែនាំនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីអនុវត្តសារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ និង ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖
១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖
-ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន
-ត្រូវចាត់វិធានការតឹងរឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ
-ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ ទូរទស្សន៍ LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក ។ល។ ករណីរកឃើញថាមានការ ផ្សព្វផ្សាយល្បែងស៊ីសង ត្រូវចាត់វិធានការបកផ្ទាំងផ្សព្វផ្សាយនោះចេញជាបន្ទាន់
-ត្រូវសហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យ យល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែង ស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព”
២-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវជំរុញលើកទឹកចិត្តស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផលិតវីដេអូដែលមានខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បី ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ
៣-ហាមដាច់ខាតនូវការប្រើប្រាស់អាវយឺត ឬសម្ភារៈផ្សេងៗដែលមានបោះពុម្ពរូបភាព (Screen) ផេកកាស៊ីណូ អនឡាញ ឬការលើកទឹកចិត្តផ្សេងៗឱ្យលេងល្បែងស៊ីសងនៅក្នុងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗនៅរាជធានីភ្នំពេញ
៤-គ្រប់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបកចេញជាបន្ទាន់នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមាន រូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ ។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដែលមាន ទីតាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមរំលឹកថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤នេះ ជាឱសានវាទ៧ថ្ងៃ កំណត់ជាកំហិត ដែលទុកពេលឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព និងឈានចូលដល់ថ្ងៃចុងក្រោយហើយ។ ឱសានវាទ៧ថ្ងៃនេះ កំណត់ដោយ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរម្លឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។
ប៉ុន្តែមុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ ប្រមុខក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនោះដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផងដែរ។
វិធានការ ៥ចំណុច រួមមាន ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ទី២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ទី៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ទី៤.
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ និងទី៥. រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។
នៅមួយថ្ងៃក្រោយចុះហត្ថលេខា លោក ស សុខា ក៏បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសារាចរណែនាំ ដោយបានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានរម្លឹកជាថ្មីទៀត ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី










