ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គណៈប្រភូវិនិយោគិនអញ្ជើញមកពីក្រុមហ៊ុនដែលជាដៃគូចំនួនបីទៀតរួមមាន៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd. នីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីរសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្តដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

















