Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ១៧​នាក់ ដោយសារ​ពួកគេ​ប្រើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ១៧​នាក់ ដោយសារ​ពួកគេ​បាន​ប្រើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា នៅក្នុង​ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​នគរបាល បាន​បន្តថា នៅ​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ក្រុម​ទី​២៣ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ករណី​ហិង្សា​ដោយ​ចេតនា រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ២​ក្រុម ផ្សេងគ្នា បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ។ បច្ចុប្បន្ន​អ្នករបួស​រូបនោះ កំពុង​សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​នគរបាល ឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ ក៏​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អន្តរាគមន៍​ពិសេស ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោកស្នងការ ជួន ណា​រិន្ទ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​ការឃាត់ខ្លួន​បាន​ជនជាតិ​ចិន ចំនួន ១៧​នាក់ មក​ធ្វើ​ការសាកសួរ​តាម​នីតិវិធី​។​

បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ សួរចម្លើយ និង​តាម​ការចង្អុលបង្ហាញ របស់​ជនរងគ្រោះ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា ទៅលើ​ជនរងគ្រោះ​មានតែ ២​នាក់​ទេ ក្នុងចំណោម ១៧​នាក់​។​

សមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ DO LI ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ EC៩៩៥៨០៧៨ មុខរបរ បុគ្គលិក​អន​ឡា​ញ នៅ​កាស៊ីណូ LIXIN ជាន់​ទី​៣ ស្នាក់នៅ​អាគារ​បុគ្គលិក​របស់​កា​ស៊ីណូ LIXIN ក្នុង​ក្រុម​ទី​២៣ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

ជនសង្ស័យ​ចំនួន ២​នាក់ ឈ្មោះ LI HONG CHANG ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ឈ្មោះ LIU YI CHANG ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។​
​សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ទាំង​ពីរ​នាក់ ជា​ជនជាតិ​ចិន​ដូចគ្នា មុខរបរ បុគ្គលិក​អន​ឡា​ញ នៅ​កាស៊ីណូ LIXIN ជាន់​ទី​៣ ស្នាក់​នៅ​អាគារ​បុគ្គលិក របស់​កាស៊ីណូ LIXIN ស្ថិតក្នុង​ក្រុម​ទី​២៣ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​ដូច​គ្នា​។​

វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖ ពិល​ឆក់ ០២​ដើម​, ដង​ដែក​ជូត​ផ្ទះ ០១​ដើម​, បំពង់​ទីប​ជ័រ ០១​ដើម​, ដែក​ដំ​ទឹកកក ០១​ដើម ខ្សែ​លោតអន្ទាក់ ០១​ខ្សែ​។​

សមត្ថកិច្ច ឲ្យដឹងថា ករណី​នេះ​កើតឡើង​ដោយសារ​តែ​ជនសង្ស័យ បាន​ចោទប្រកាន់​ជន​រងគ្រោះ​ថា បាន​លួច​លុយ របស់​ក្រុមហ៊ុន​តាម​ប្រព័ន្ទ​អន​ឡាញ ហើយ​ក៏​ប្រើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​តែម្តង​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ ដែន សីមា​

spot_img
×