ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត អំពីសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវសាធារណៈ ជាពិសេសការធ្វើដំណើរតាមផ្លូវជាតិលេខ៤ ព្រោះរថយន្តតូចធំគ្រប់ប្រភេទ បើកបរក្នុងល្បឿនលឿន បង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានសំណូមពរដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ពិសេសនគរបាលចរាចរណ៍ផ្លូវគោក ស្នើឲ្យជួយមានវិធានការទប់ស្កាត់ និងពង្រឹងការចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំ។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ ជួយ ពិនិត្យល្បឿនយានយន្តបើកចូលមកក្នុងក្រុងឲ្យស្របតាមច្បាប់។
ក្រុមប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរ គួររកផ្លូវវាង ដើម្បីឲ្យរថយន្តកុងតឺន័រ ដែលបើកក្នុងល្បឿនលឿនទាំងនោះបើកឆ្លងកាត់។
បន្ថែមលើនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ក៏ត្រូវបន្តចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត ក៏ដូចជាអ្នកបើកបររថយន្តកុងតឺន័រឲ្យបានជាប្រចាំផងដែរ។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ព្រួយបារម្ភខ្លាច គ្រោះថ្នាក់ទាំងនោះ អាចនឹងថ្ងៃណាមួយ បានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាក់ជាមិនខាន។
ការព្រួយបារម្ភ របស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុពេលនេះ បានកើតឡើងបម្ទាប់ពី កាលពីព្រឹកថ្ងៃទីសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណីដាច់ដោយឡែកពីគ្នាបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតមាននៅចំណោតលោកយាយម៉ៅ ដោយមានរថយន្ត៤គ្រឿងបុកប៉ះគ្នា និង១ករណីទៀតកើតឡើង នៅត្រង់ចំណុចកែងរ៉ា ក្រុងព្រះសីហន។
តាមរបាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តកុងតឺន័រ១គ្រឿង បានបើកជ្រុលបុកចូលសួនច្បាររួចក្រឡាប់ ក្បែរស្ថានីយ៍ប្រេងតេលា វេលាម៉ោងជិត ១១កន្លះថ្ងៃត្រង់ថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលចរាចរណ៍ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីខាងលើនេះ មានមនុស្សចំនួន ៤នាក់ បានរងរបួស ហើយត្រូវបាននាំទៅសង្គ្រោះនៅពេទ្យឯកជនឃ្លាំងលើ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា