ភ្នំពេញ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធជាផ្លូវការនូវ សៀវភៅ«មាគ៌ាជីវិត» ដែលបកប្រែជាខេមរភាសា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។
លោកឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា «វាមានសារៈសំខាន់ណាស់ដែលទស្សនវិជ្ជារបស់លោក អ៊ីណាម៉ូរី (អ្នកនិពន្ធ) បានសាយភាយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបោះពុម្ពផ្សាយជាភាសាខ្មែរ ហើយបានឈានដល់បេះដូងមនុស្សជាច្រើន»។ ក្នុងនោះដែរ លោកឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី ក៏បានលើកឡើងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវការអភិវឌ្ឍគួរឲ្យកត់សម្គាល់ តាមរយៈប្រជាជនវ័យក្មេង ពេញសមត្ថភាព និងរស់រវើក។
លោក ជឿថា ប្រធានបទដែលបានពិពណ៌នានៅក្នុងសៀវភៅ«មាគ៌ាជីវិត»នេះ ដូចជា គោលការណ៍បរទត្ថត និង សុជីវធម៌ ក្រមសីមធម៌ល្អក្នុងនាមជាមនុស្សជាតិ។ លោកថា ការប្រតិបត្តិធម៌ក្នុងជីវិត និងការងាររបស់មនុស្សគ្រប់រូបនៅក្នុង ប្រទេសកម្ពុជា នឹងរួមចំណែកដល់ភាពសុខដុមរមនា និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណ ចំពោះអ្នកទំាងអស់គ្នា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការធ្វើឱ្យគម្រោងនៃការបោះពុម្ពផ្សាយជាភាសាខ្មែរនៃ សៀវភៅ«មាគ៌ាជីវីត» ក្លាយជាការពិត។ ហើយលោកក៏សូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះលោកបណ្ឌិត ម៉ី កល្យាណ ប្រធានសមាគមវិនិយោគកម្ពុជា-ជប៉ុន និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបកប្រែ និងបោះពុម្ពផ្សាយ។ លោកសង្ឃឹមថា គម្រោងនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតតាមរយៈការផ្លាស់ប្តូបទពិសោធររវាងប្រទេសជប៉ុន និងកម្ពុជា នឹងក្លាយជាស្ពានដ៏រឹងមាំផ្សារភ្ជាប់ និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សៀវភៅដែលមានចំណងជើងដើម Ikikata (ជាភាសាជប៉ុន) ឬ «មាគ៌ាជីវិត» (ជាភាសាខ្មែរ)ទៅជាភាសាខ្មែរ និងការបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរ។ ចាប់តាំងពីការចេញផ្សាយលើកទី១ជាភាសាជប៉ុននៅក្នុងឆ្នាំ២០០៤ និងរហូតដល់បច្ចុប្បន្ន ត្រូវបានបកប្រែជាភាសាបរទេសផ្សេងទៀតចំនួន១៩ភាសា។
សូមជម្រាបថា អ្នកនិពន្ធ លោក អ៊ីណាម៉ូរី កាហ៊្សូអូ ដែលជាអ្នកជំនួញ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជនជាតិជប៉ុន ដ៏ជោគជ័យល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស បានដាក់ត្បាញបញ្ចូលគ្នា នូវអ្វីដែលប្រជាជនកម្ពុជាចាត់ទុកថា ជាពុទ្ធឱវាទដ៏វិសេសវិសាល រួមជាមួយនឹងបទពិសោធជីវិតនិងការងារផ្ទាល់ខ្លួន ជាពិសេសក្នុងការដឹកនាំគ្រប់ គ្រងអាជីវកម្មធំៗលំដាប់ថ្នាក់អន្តរជាតិ ដើម្បីបង្កើតបានជាឧត្តមគតិសម្រាប់ ជាឧត្តមប្រយោជន៍ចំពោះមនុស្សជាតិ៕