Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការប្រកួតប្រជែងយកពានរង្វាន់ឧស្សាហកម្មបៃតង ជាយុទ្ធសាស្រ្ត ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព​

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីគម្រោងសហការជាមួយអង្គការ UNIDO ស្តីពី “ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាម រយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន” ត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣។

ឯកឧត្តម ហែម វណ្ណឌី បន្តថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតងនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។ គោលបំណងរបស់កម្មវិធីគឺ (១) ដើម្បីផ្តល់ការទទួលស្គាល់ លើកទឹកចិត្ត ផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដែលបានអនុវត្តវិធីសាស្រ្តនានា សម្រេចឱ្យបានដំណើរការផលិតកម្មប្រកបដោយចីរភាព (២) ផ្សព្វផ្សាយពង្រីកសកម្មភាព និងជំរុញគាំទ្រដល់វិស័យឧស្សាហកម្មផ្សេងទៀត ដែលស្ម័គ្រចិត្តអនុវត្តសកម្មភាពនានាចូលរួមដល់កិច្ចការពារបរិស្ថាន ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន រួមចំណែកក្នុងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការទទួលខុសត្រូវសង្គមស្របតាមបរិបទជាតិ និងពិភពលោក និង (៣)លើកកម្ពស់ចំណេះដឹងស្តីពីការការពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម និងសាធារណៈជន។

ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា គម្រោងនេះ បានផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ សហគ្រាស សិប្បកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្តវិធីសាស្រ្ត TEST ដែលជាវិធីសាស្រ្តមួយសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ទឹក និងថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្ម តាមរយៈការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កាកសំណល់រឹង-រាវ ដែលជាលទ្ធផល បានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់និយោជិក-កម្មករ ជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់រោងចក្រ សហគ្រាស  សិប្បកម្ម ទាំងនោះ ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

គម្រោងនេះ មានគោលដៅ ដោះស្រាយបញ្ហាបំពុលដែលមានការកត់សំគាល់ក្នុងតំបន់អាងទន្លេមេគង្គកម្ពុជា និងបានធ្វើការលើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅកម្ពុជាឲ្យទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងចំនួន១១ ដែលក្នុងនោះរោងចក្រ សហគ្រាស ដែលជាដៃគូគម្រោង HOT SPOT & TEST មានចំនួន០៧ និងរោងចក្រ សហគ្រាស ដែលមិនមែនជាដៃគូគម្រោងមានចំនួន០៤ ហើយជាលទ្ធផលមានរោងចក្រ សហគ្រាសចំនួន០២ ទទួលបានពានរង្វាន់មាស ឯចំនួន០៤ ទទួលបានពានរង្វាន់ប្រាក់ និងចំនួន០៥ ទទួលបានពានរងា្វន់សំរិទ្ធ ដែលជាលើកទី១ របស់ពានរង្វាន់ឧស្សាហកម្មបៃតង សម្រាប់ឆ្នាំ ២០១៣។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រគល់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា និងវិញ្ញាបនបត្រ ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំនួន ១៧  ដែលបានខិតខំប្រឹងប្រែងលើកកំពស់ផលិតភាពចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព ហើយជាគំរូដ៏ល្អ ជួយដល់ការផ្សព្វផ្សាយ និងពង្រីកសកម្មភាព ក៏ដូចជាជំរុញឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា ឱ្យចូលរួមចលនាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាន និងទំនួលខុសត្រូវសង្គម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានក្នុងចំណោមរោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនទូទៅ។

គួររំលឹកផងដែរថា កន្លងមកក្រសួងឧស្សាហកម្មរបស់យើង បានចូលរួមអនុវត្តគម្រោងចំណុចបំពុលខ្លាំង និងការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន ក្នុងឆ្នាំ២០១១-២០១៣ ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ UNIDO ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិ  កូរ៉េ KOICA ដើម្បីជំរុញនិរន្តរភាព និងការប្រកួតប្រជែងរវាងរោងចក្រ សហគ្រាស សិប្បកម្មនៅកម្ពុជា៕

×