Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំឡូងមីស្រស់ឆ្នាំនេះ ១គីឡូ៣០០រៀលកសិករដាំដុះបាននាំយកទៅលក់នៅវៀតណាមផលិតម្សៅមី

ខេត្តត្បូងឃ្មុំ: នៅតំបន់ត្រើយខាងកើតទន្លេមេគង្គនៅតាមស្រុក-ក្រុងចំនួន៧
នៃខេត្តត្បូងឃ្មុំគឺមានផ្ទៃដីដាំដុះដំឡូងមីចំនួន៤៣៩៨០ហិកតា ។ ជាមួយនោះនៅក្រុងសួង ក៏មានសិប្បកម្មកែច្នៃម្សៅមីសម្រាប់លក់នៅក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារបរទេសទៀតផង។សម្រាប់តម្លៃទីផ្សារនៅឆ្នាំនេះគឺទាបជាងឆ្នាំកន្លងទៅបន្តិច ។

លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងនាល្ងាចថ្ងៃទី១២ធ្នូ ឆ្នាំ២០២៤ថា: ចំពោះស្រុកដែលដាំដំឡូងមីក្នុងនោះរួមមានក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូរាំងឪ ស្រុកពញាក្រែក ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងស្រុកដំបែរ។ ដែលបងប្អូនប្រជាកសិករបានដាំដុះត​កូនតចៅ រហូតមកដល់សព្វថ្ងៃ ដើម្បីប្រមូលផលបានយកលក់នៅលើទីផ្សារដោះស្រាយជីវភាពក្រុមគ្រួសារ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានបន្តឲ្យដឹងទៀតថា ចំពោះដំណាំដំឡូងមីនេះត្រូវបានគេដាំដុះនៅក្នុងអំឡុងខែមិនាមេសា ហើយចាប់ផ្ដើមប្រមូលផលនៅខែវិច្ឆិកា ខែធ្នូ និងខែមករា ចំពោះទិន្នផលវិញគិតជាមធ្យមក្នុងមួយហិកតាបានផលក្នុងរង្វង់១៩ តោនទៅ២០ តោនឯណោះ។ ហើយពូជដំឡូងនេះគឺបងប្អូនកសិករខ្លះគាត់បានចេះថែរក្សាពូជទុកដោយខ្លួនឯង ខ្លះទិញមកពីខេត្តផ្សេងនិងខ្លះទៀតទិញមកពីប្រទេសជិតខាង ដើម្បីធ្វើការដាំដុះ។ ចំពោះតម្លៃដំឡូងមីស្រស់លក់នៅលើទីផ្សារមួយគីឡូក្រាមតម្លៃ៣០០រៀលគឺមានក្រុមឈ្មួញកណ្ដាលចុះទិញដល់ចម្ការតែម្ដង។ ដោយឡែកអ្នកដែលមានគោយន្តកែច្នៃឬរថយន្តធុនធំគាត់អាចដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកដូង៧ដើម ស្រុកមេមត់ និងមានច្រកផ្សេងទៀតរវាងទ្វេភាគីកម្ពុជា-វៀតណាម។ ចំពោះដំឡូងនេះផ្អែកតាមលក្ខណៈបច្ចេកទេសគឺគេយកទៅកែច្នៃជាម្សៅមី កាវ ក្រដាស
ស្រូបថ្នាំពេទ្យនឹងអាចច្នៃបានជាច្រើនមុខទៀត។

លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបញ្ជាក់ថា សម្រាប់តម្លៃដំឡូងមីស្រស់លក់នៅលើទីផ្សារបើឆ្នាំ២០២៣ កន្លងទៅមួយគីឡូអាចលក់បានក្នុងរង្វង់ ៤០០ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម។ ជាធម្មតាបងប្អូនប្រជាកសិករប្រសិនបើតម្លៃលក់នៅលើទីផ្សារបានថ្លៃគឺពួកគាត់ប្រាកដជាសម្ងំនៅស្ងៀម តែបើដំឡូងមីលក់បានតម្លៃថោកនោះពួកគាត់និងមានការរអ៊ូរទាំថាបែបនេះថាបែបនោះ។តាមពិតទៅដំឡូងមីមិនមែនដាំតែនៅក្នុងប្រទេសកម្ពុជាយើងនោះទេ សូម្បីតែនៅប្រទេសវៀតណាមគគីមានការដាំដុះដែរ។ ចំពោះតម្លៃវិញគឺជាលក្ខណៈទីផ្សារសេរី ។ សូមបញ្ជាក់ថានៅក្រុងសួងគឺមានសិប្បកម្មផលិតម្សៅមីមួយកន្លែងដែលក្នុងមួយឆ្នាំ អាចផលិតបានប្រមាណ១០ម៉ឺនតោន ក្នុងនោះគឺនាំចេញលក់នៅក្នុងស្រុកនិងមួយផ្នែកទៀតនាំទៅលក់នៅក្រៅស្រុក។
ក្នុងនាមមន្ទីរកសិកម្មសូមក្រើនរំលឹកដល់កសិករធ្វើយ៉ាងណាដាំដុះទៅតាមលក្ខណៈបច្ចេកទេស ដែលមន្ត្រីជំនាញរបស់មន្ទីរធ្លាប់បានបង្ហាត់បង្រៀនបើធ្វើតាមលក្ខណៈបច្ចេកទេសគឺអាចទទួលបានផលចំណេញតិចឬច្រើនហើយការខាតវិញគឺមានកម្រិតតិចណាស់។ ជាមួយនោះក៏សូមឱ្យកសិករចេះរក្សាពូជដំឡូងសម្រាប់ធ្វើការដាំដុះតាមរដូវកាល ជៀសវាងចំណាយប្រាក់ទិញពីគេអស់ទុនច្រើន ធ្វើឱ្យការទទួលប្រាក់ចំណេញកាន់តែស្ដួចស្ដើង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី