ខេត្តត្បូងឃ្មុំ ៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច បានអញ្ជើញចុះ ត្រួតពិនិត្យ វាយតម្លៃ លើកការងារថែទាំជាប្រចាំ ផ្លូវ ចំនួន ១៣ ខ្សែ ដោយក្រាលល្បាយក្រួសអាចម៍ផ្កាយ និងល្បាយក្រួស មានប្រវែងសរុប ១១៣,៧១០ម ដែលមានទទឹង ៥ ម, ៥.៥ម, ៦ម និង ៧ម ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយធ្វើឡើងនៅថ្ងៃទី១២ធ្នូ ឆ្នាំ២០២៤ គឺបានចំណាយពេលស្ទើរពេញមួយថ្ងៃតែម្ដង។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំ ជាប្រចាំផ្លូវល្បាយក្រួស មានចំនួន ១៣ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួសអាចម៍ផ្កាយ និងល្បាយក្រួស មានប្រវែងសរុប ១១៣,៧១០ម រួមមានទទឹង ៥ម, ៥.៥ម, ៦ម និង៧ម ដែលស្ថិត ក្នុងឃុំព្រែកអាជី ឃុំចុងជាច ឃុំតំបែរ ឃុំរកាពប្រាំ ឃុំឈូក ឃុំជាំតាម៉ៅ ឃុំកក់ ឃុំដូនតី ឃុំកណ្ដាលជ្រុំ ឃុំស្រឡប់ និងឃុំអញ្ចើម មានភូមិសាស្ត្រ ក្នុងស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-RM-2024-No-022) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ (ដោយប្រើប្រាស់ថវិកាជំពូក ៦១) ដោយរាប់ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៤ រហូតដល់ ចុងខែធ្នូ ឆ្នាំ២០២៤នេះ។
បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង គណៈប្រតិភូអន្តរក្រសួង បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដែលជាសេនាធិការរបស់ក្រសួង ដោយបានខិតខំបំពេញកិច្ចការងារយ៉ាងល្អ លើកការងារថែទាំជាប្រចាំ ផ្លូវក្រាលក្រួស ទាំង ១៣ខ្សែ ក្នុងភូមិសាស្រ្តស្រុកទាំង ៤ នៃខេត្តត្បូងឃ្មុំនេះ។
ឱកាសនោះលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍ពាំនាំសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍន៍ផ្លូវ នៅតាមជនបទក្នុងខេត្តត្បូងឃ្មុំ គឺនឹងមានជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងផែនការដែលបានដាក់ចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ហើយក្រសួង មានទិសដៅ ជាអាទិភាព គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគម តាមរយៈការងារស្ថាបនា និងការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឲ្យបានល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងភាពជាប់ធន់។
ជាមួយនោះលោកជំទាវសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ផ្ទាល់ សូមចូលរួមថែរក្សាផ្លូវទាំងនោះ ឲ្យបានល្អ ដោយចាត់ទុកថា ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានយើងនេះ ជាសម្បត្តិរួមដូច្នេះត្រូវនាំគ្នាថែរក្សាប្រើប្រាស់ឲ្យបានយូរអង្វែង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី


















