Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ចុះពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅពិតប្រាកដរបស់កម្មករនិយោជិត ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការងារ ជាពិសេសគ្រួសារដែលមានសមាជិកជាយុវជន សូមជួយជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕ 

×