Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា​ទៀ វិចិត្រ បន្ត​ធ្វើ​មនុស្សធម៌ ដោយ​ថ្ងៃនេះ​បាន​ជួយ​ឧបត្ថម្ភ​ជីដូន​វ័យ ៧៨​ឆ្នាំ​ម្នាក់ កំពុង​មាន​ជម្ងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ គ្មាន​ញាតិ​មើលថែ

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍ថា មាន​ស្ត្រី​វ័យ​ចំណាស់​មួយរូប​អាយុ ៧៨​ឆ្នាំ កំពុង​មាន​ជម្ងឺ​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ ដោយ​អ្នក​ជម្ងឺ​រូប​នោះ​មិន​មាន​សាច់ញាតិ​មក​មើលថែទេ​។​

​ភ្លាមៗ ក្រោយពី​ទទួលបាន​ដំណឹង​ដ៏​សោកសង្រេង​ខាងលើនេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ចុះ​ទៅ​ជួប​ជីដូន​វ័យ​ចំណាស់​រូបនោះ ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ​បង្អែក កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​។​

នា​ឱកាស​នោះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំ​យក​សម្លៀកបំពាក់ សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ព្រមទាំង​ម្ហូបអាហារ​ច្រើន​មុខ និង​ថវិការ​ចំនួន​១​លាន​រៀល យក​ទៅ​ជួយ​ឧបត្ថម្ភ លោកយាយ​វ័យ ៧៨​ឆ្នាំ​រូប​នោះ​។​

ជីដូន​វ័យ​ជរា​កំពុងមាន​ជំងឺ​រូបនេះ បាន​ថ្លែងអំណរគុណ និង​ជូនពរ​លោក​ឧកញ៉ា ទៀ វិចិត្រ ព្រមទាំង​គ្រួសារ ដែល​នាំ​ជំនួយ​ឧបត្ថម្ភ មក​ផ្តល់​ជូន​រូបគាត់​ពេលនេះ​។ លោកយាយ​មាន​ប្រសាសន៍ថា រូបគាត់​មាន​ឈ្មោះ ហ៊ុយ ជុន អាយុ ៧៨​ឆ្នាំ រស់នៅ​ទំនប់រលក ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ ហើយ​ថា បច្ចុប្បន្ននេះ រូបគាត់​គ្មាន​កូន​នៅ​មើលថែរ​ទេ​។​

លោកយាយ​បន្តថា កូនៗ របស់​គាត់​ចំនួន ២​នាក់ ពួកគេ​រស់នៅ​ខេត្ត​ក្រចេះ​ឯណោះ ហើយ​នៅពេល​ជម្ងឺ របស់​គាត់​ធ្វើ​ទុក្ខ​ម្តងៗ ទើប​រូបគាត់ បាន​រក​ម៉ូតូ​ឌុប​ឲ្យ​ជូន​មក​សម្រាក​ព្យាបាល នៅ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​មក​នេះ​។

​លោកយាយ ហ៊ុយ ជុន បញ្ជាក់ថា រាល់ថ្ងៃនេះ រូបគាត់​មាន​តែ​ចៅ​តូចៗ (​ចៅ​តួ​ត​) មិន​ទាន់​ដឹងក្តី​ចំនួន ២​នាក់​ប៉ុណ្ណោះ​មក​រស់នៅ​ជាមួយ និង​មិន​អាច​ជួយ​អ្វី​គាត់​បាន​ទេ ដោយសារ​នៅ​ក្មេងៗ​ពេក​។​

និយាយ​ដល់​ត្រង់​ចំណុច​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ជីដូន​មាន​ជំងឺ​ខាងលើនេះ គាត់​មាន​ជម្ងឺ​សួត ស្គមរីងរៃ​។ លោក​វេជ្ជបណ្ឌិត​បន្តថា នៅពេល​ជម្ងឺ របស់​ស្ត្រី​វ័យចាស់​ខាងលើ ធ្វើទុក្ខ​ម្តងៗ រូប​គាត់​តែង​ជិះ​ម៉ូតូឌុប មក​រក​ពេទ្យ​ជាមួយ​ចៅ​តូចៗ​ទាំង​ពីរ​នាក់​របស់​គាត់​។​

លោក​វេជ្ជបណ្ឌិត​បន្តថា កន្លងមក ពុំ​ដែល​ឃើញ​មាន​ឃើញ​សាច់ញាតិ​ជា​មនុស្ស​ចាស់ រូប​ណា​ម្នាក់ មក​មើល​ថែរ​ស្ត្រី​វ័យ​ចំណាស់​ខាងលើនេះ​ទេ​។​

លោក សេង ណុង ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ខាង​ក្រុមគ្រូពេទ្យ ក្រៅ​ពី​បាន​ជួយ​ព្យាបាល ខាង​មន្ទីរពេទ្យ​ក៏​ទទួល​ជួយ​មើលថែរ​ជីដូន​ខាងលើ​នេះ​ផង​ដែរ​។​

យ៉ាងណា​ក៏ដោយ​ចុះ លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍​ជូនពរ និង​បួងសួង សុំ​ឲ្យ​ជីដូន​ក្រីក្រ​រូបនេះ ឆាប់​ជា​សះស្បើយ​ពី​ជម្ងឺ និង​មាន​សុខភាព​ល្អ​ឡើង​វិញ​។​

បន្ថែម​លើ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់​ថា ការនាំយក​ជំនួយ​ទៅ​ឧបត្ថម្ភ​មនុស្ស​វ័យ​ចំណាស់​ខាងលើ គឺជា​ការងារ​មនុស្សធ៌ម របស់​លោក​សុទ្ធសាធ ដែល​រូបគាត់​ធ្លាប់បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ សម្រាប់ មនុស្ស​ចាស់ជរា មាន​ជម្ងឺ​ដោយ​ពុំ​បាន​គិត​ពី​សាវតា​ផ្ទាល់ របស់​គ្រួសារ​អ្នក​ជម្ងឺ​ឡើយ​។​

លោក​ឧកញ៉ា បាន​សង្កត់ធ្ងន់ថា រូបគាត់​នឹង​នៅតែ​បន្ត​ធ្វើ​បុណ្យ​សប្បុរស ឬ​ធ្វើ​មនុស្ស​ជូន​ចាស់ជរា ទុរគតជន និង​ជន​បាត់​បង់កម្លាំង​ពលកម្ម​ជាដើម​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ខាងមុខ ទៅតាម​លទ្ធភាព​ជាក់ស្តែង ដ៏​រាប​ណា​រូប​លោក​នៅ​មាន​ជីវិត​៕ ដោយ​៖ ដែន សីមា​

×