Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ដោ សម្ផស្ស ជម្រុញលើកទឹកចិត្តឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតល្អប្រសើរ

ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានជម្រុញនិងលើកទឹកចិត្តឱ្យសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី យកចិត្តទុកដាក់ប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ បើទោះបីជាប្អូនៗ ក្មួយៗមានកាយសម្បទារមិនដូចគេ តែប្អូនៗ និងក្មួយៗ មិនត្រូវអស់សង្ឃឹម ឬបោះបង់ខ្លួនឯងឡើយ ព្រោះមានតែចំណេះវិជ្ជាតែមួយមុខគត់ ដែលអាចនាំយើងសម្រេចបានគោលដៅជីវិតមួយល្អប្រសើរនាពេលអនាគត។

លោកស្រី ដោ សម្ផស្ស បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារ នៃយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគម កាយឫទ្ធិនារីកម្ពុជា ជូនសមាជិកាសកម្មនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ខណៈលោកស្រីអញ្ជើញតំណាងឱ្យលោកស្រីជា ស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ប្អូនៗ ក្មួយៗដែលជាសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ សម្រាប់ ឆ្នាំ២០២៥ខាងមុខនេះ នឹងមានកម្មវិធីបំណិនជីវិតមួយចំនួន ដែលខាងសមាគមនឹងសហការជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំជូនជាបន្តបន្ទាប់ ដូចជា៖ ធុរកិច្ចភេសជ្ជៈ ការកែច្នៃបន្លែ និងផ្លែឈើ វិជ្ជាធ្វើម្ហូបខ្មែរ សាឡន ការបត់ផ្កាក្រដាស សេវាកម្មកុំព្យូទ័រ និងក្រាហ្វិកឌីហ្សាញ ជាដើម។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ឧត្តមភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង និងមិនប្រកាន់ និន្នាការណាមួយឡើយ ដោយកាលពីខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត បានផ្តួចផ្តើមបង្កើត ឱ្យមានកម្មវិធី សប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា មានឈ្មោះថាយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ដែលបានអនុវត្ត ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាង ផុលផុសពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកស្រីបន្តថា៖ យុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ត្រូវបានរៀបចំឡើងក្នុងគោលបំណងធំៗ ចំនួន ០៤ រួមមាន៖១ ដើម្បីជួយដល់សង្គម ដោយធ្វើការបរិច្ចាគសម្ភារដែលប្រើប្រាស់រួច តែនៅមានគុណភាពល្អបន្តទៅ ដល់អ្នកខ្សត់ខ្សោយ ដែលមានតម្រូវការ។
២ ដើម្បីបំផុសការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ និងខ្មែរ ដើម្បីខ្មែរ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ ខ្មែរ។ ៣ ដើម្បីសង្គមជាតិយើងកាន់តែមានភាពប្រសើរឡើង ដើម្បីជួយដល់បរិស្ថាន។៤ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ក្នុងការកែច្នៃប្រើប្រាស់ឡើងវិញ ជួយដល់អ្នកដែលខ្វះខាត ដោយពុំចាំបាច់ចំណាយថវិកាទិញសម្ភារថ្មី។

តាមរយៈការអនុវត្តយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” លោកជំទាវបណ្ឌិតបានឱ្យសមាគម កាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាំយកនូវអំណោយដែលទទួលបានពីសប្បុរសជន ហើយបានយកមកចែកជូនពេលនេះរួមមាន៖ សម្លៀកបំពាក់ចំនួន ២១៣កញ្ចប់និងនំប៉័ងចំនួន ២៣០កញ្ចប់ និងសៀវភៅពុម្ភភាសាខ្មែរ ភាសាអង់គ្លេស និងក្តារខៀនមួយចំនួនទៀត ប្រគល់ជូនលោកគ្រូនាយក ដើម្បីចាត់ចែងបន្ត និងបានឧបត្ថមថវិកាជូនវិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មីនេះចំនួន១លានរៀល៕រក្សាសិទ្ធដោយ៖សុទ្ធលី

×