បន្ទាយមានជ័យ : មន្ត្រីរដ្ឋាភិបាលមន្ត្រីដៃគូផ្តល់ជំនួយអភិវឌ្ឍន៍ព្រមទាំងអ្នកពាក់ព័ន្ធបានបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប(TSSD) នៅខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យអោយដឹងក្នុងសិក្ខាសាលាស្តីពីការបូកសរុបបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប(TSSD) នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៧ នៅសណ្ឋាគារព្រះច័ន្ទក្រុងសិរីសោភ័ណថា: ទោះជាគម្រោងបានបញ្ចប់ តែអាជ្ញាធរនិងជំនាញគ្រប់ថ្នាក់របស់រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយគឺធនាគារអភិវឌ្ឍន័អាស៊ី(ADB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម(IFAD)របស់ប្រទេសហ្វាំងឡង់និងបដិភាគរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានគាំទ្រ គម្រាង TSSD នេះនាពេលកន្លងមក បច្ចុប្បន្ននិងសង្ឃឹមថានឹងមាននៅអនាគតទៀត។
លោកបន្តថា នេះជាការបូកសរុបលទ្ធផលការងារពេលបញ្ចប់គម្រោងនិងចែករំលែកបទពិសោធន៍ដែលនាំអោយអនុវត្តគម្រោងជោគជ័យ។ ពោលគឺគម្រោង៦ឆ្នាំមកនេះ(ពីឆ្នាំ២០១១) បានចំណាយថវិកាអស់ជាង៤,លានដុល្លាសរអា ដែលរួមមាន :១-ផ្នែកមូលនិធីអភិវឌ្ឍន៍ឃុំសង្កាត់គឺលើហេដ្ឋារចនាសម្ព័ន្ធ ក្រុមកែលម្អជីវភាព និងប្រតិបត្តិការដ្ឋបាល។២-ផ្នែកប្រតិបត្តិការរដ្ឋបាលក្រុងស្រុក ភ្នំស្រុក ព្រះនេត្រព្រះ អូរជ្រៅ ថ្មពួក សិរីសោភ័ណ និងខេត្ត។ ពោលគឺ៣២គោលដៅនៃ៥ស្រុកក្រុង ហើយរំពឹងថា គម្រោងនឹងបន្តថ្មីនៅគោលដៅខេត្តចាស់រួមមាន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ហើយថែមខេត្តថ្មី បាត់ដំបងនិងព្រៃវែង។
លោកហាយ សំណាង ប្រធានសម្របសម្រួលគម្រោងខេត្ត- នាយកទីចាត់ការផែនការនិងវិនិយោគខេត្តបន្ទាយមានជ័យបានធ្វើបទបង្ហាញសង្ខេបពីសមិទ្ធផលគម្រោងTSSD ដែលសម្រេចបានពីឆ្នាំ២០១២ដល់២០១៧ ដែលរួមមាន: តំបន់៥ស្រុកក្រុងនិង៣២ក្រុមគោលដៅគម្រោង ដែលរួមមានកែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពក្រុមកសិករខ្នាតតូច, ក្រុមកែលម្អជីវភាពឬសេវាករសមាសភាគទី២,សហគមន៍កែលម្អជីវភាពកសិករ,កម្មវិធីផលិតកម្មនិងសុខភាពសត្វឬសេវាករសមាសភាពទី៣ ,ក្រុមកែលម្អជីវភាពលើផ្នែកមិនមែនសត្វ,បញ្ជ្រាបយេនឌ័រនៃគម្រោង។
តំណាងអ្នកអនុវត្តគម្រោងយេនឌ័រ ពិសេសលោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត -ប្រធានសម្របសម្រួលកសិកម្មខេត្តបានបង្ហាញពីវឌ្ឍនភាពនៃគម្រោង ដែលបានឆ្លើយតបនឹងផែនការគោលដៅនៃគម្រោងគឺ កាត់បន្ថយភាពក្រីក្រនិងបង្កើនលើកកម្ពស់ជីវភាពស្របតាមការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក លី សារី អភិបាលរងខេត្ត លោក នី គឹមសាន អគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ លោកប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទស្សនា និងស្តាប់ការណែនាំពីមន្ត្រីអនុវត្តគម្រោងនីមួយៗនៅបញ្ជរទាំងពីព័រណ៍របស់សិក្ខាសាលាដើម្បីពិនិត្យ វាយតម្លៃបន្ថែមពីសមិទ្ធិផលលទ្ធផលគម្រោង៕ ដោយ : បន្ទាយ