ក្នុងពិធី «ចងដៃ» ឬ «កួចដៃ» ដែលក្នុងនោះរួមមានដូចជា សំពះផ្ទឹម បង្វិលព៏ពិល និងបាចផ្កាស្លា គឺត្រូវបានចាត់ទុកថា ជាកិច្ចចុងក្រោយ នៃពិធីមង្គលការ។
តាមទំនៀម ក្នុងអំឡុងពេលនៃកិច្ចនេះ នោះលោកអាចាតែងប្រសិទ្ធី ឲ្យពរដល់សាមីពិធីទាំងពីរ ខណៈភ្លេងក៏ត្រូវប្រគុំបទកន្លង់ថោងកំដរពិធី។ ហើយស្របជាមួយគ្នានោះផងដែរ លោកមេបាទាំងសងខាង បងប្អូន សាច់ញាតិ មិត្តភក្តិ នឹងចូលរួមបាចផ្កាស្លាឲ្យពរជ័យ ជាមួយជំនឿចងដៃអំបោះពណ៌ស ឬពណ៌ ក្រហម ទៅដល់គូស្វាម៉ីភរិយាទាំងពីរ។
តែយ៉ាងណាមិញ ថ្មីៗនេះ រូបភាពវីដេអូកំពុងរីករាលដាល នៃទិដ្ឋភាពពិធីចងដៃមង្គលការពីរផ្សេងគ្នា បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយពីបានឃើញអ្នកចូលរួមចងដៃ នាំគ្នាធ្វើរឿងលេងសើចដ៏ខុសទំនង ដោយគ្មានគិតខ្វល់ថា ធ្វើឲ្យប៉ះពាល់ ខូចវប្បធម៍ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរសោះឡើយ។
ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញក្រុមស្រ្តីអ្នកចូលរួមមានទាំងក្មេង និងចាស់ បាននាំគ្នាយករបស់របរដូចជា ច្រាស់បោកខោអាវ ប្រដាប់លាងចាន និងសូម្បីអំបោស ប្រដាប់កើបសំរាម មកចងដៃ ដាក់លើខ្នើយមង្គល ដែលឃើញហើយ ពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង។
ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាដាក់ឲ្យខ្លាំងៗបែបៗនេះថា «នាំគ្នាឆ្កួតឡប់អស់ហើយ ចឹងបានជាអាផ្ទះលេខ២ វាចេះតែមើលងាយមិនខុសទេ»,
«ខ្ញុំធ្លាប់ឃើញកម្មវិធីនេះ ខាងថៃគេធ្វើចឹង។ ថៃលួចប្រពៃណីខ្មែរជេរថៃ តែឥឡូវខ្មែរយើងខ្លះលួចប្រពៃណីថៃឆ្កួតៗ មកធ្វើតាម អត់ចេះខ្មាសគេ ប្រពៃណីខ្លួនឯងល្អផូរផង់ មិនចេះថែរក្សាទេ បែរជានាំគ្នាលេងសើច បំផ្លាញបែបនេះទៅវិញ!»