Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួតប្រជែងចៀរជ័រកៅស៊ូ ផ្ដល់នូវការផ្លាស់ប្តូរបទពិសោធន៍ ធ្វើឱ្យមានការអភិវឌ្ឍទាំងជំនាញ សុខភាពដើមកៅស៊ូ សេដ្ឋកិច្ច និងបរិស្ថាន

ជាការចង់ដឹងអំពីសមត្ថភាព ក៏ដូចជាជំនាញ កម្មករ ឬគ្រួសារអ្នកចម្ការទាក់ទងទៅនឹងការចៀរជ័រកៅស៊ូនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការប្រកួតប្រជែងចៀរជ័រកៅស៊ូ ឆ្នាំ២០២៤ ដើម្បីឱ្យពលរដ្ឋនៅតាមសហគមន៍ចំការកៅស៊ូ ក៏ដូចកម្មករចំការកៅស៊ូនានា បង្ហាញអំពីថ្វីដៃ ទេពកោសល្យក្នុងការចៀរជ័រកៅស៊ូ ឆ្ពោះទៅពង្រឹងពង្រីកដំណាំកៅស៊ូ ព្រោះគេពិនិត្យឃើញថា ដំណាំកៅស៊ូ មានសក្តានុពល និងតួនាទីដ៏សំខាន់ក្នុងផ្ដល់ប្រាក់ចំណូលដល់ពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ និងបរិស្ថានល្អ។

កម្មវិធីប្រឡងប្រជែងចៀរជ័រកៅស៊ូនេះ ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងជំរុញ និងបំផុសស្មារតីឱ្យមានការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា។ ការប្រកួតប្រជែងនេះ ជាលើកដំបូងហើយសម្រាប់ប្រទេសកម្ពុជា ត្រូវបានប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងចម្ការកៅស៊ូជប់ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, មានបេក្ខជនចំនួន ៧១នាក់ មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន, សហគមន៍កៅស៊ូគ្រួសារចំនួន ៥ ,  និងចំការកៅស៊ូគ្រួសារចំនួន ១ បានចូលរួមប្រឡងចៀរជ័រកៅស៊ូ។ 

មានការចូលរួមពី ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម , ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ, មន្ត្រីជំនាញអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានកៅស៊ូកម្ពុជា រួមទាំងប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំផងដែរ។

ឯកឧត្តម ប្រាក់ ដាវីដ មានប្រសាសន៍ថា ការប្រឡងចៀរជ័រកៅស៊ូឆ្នាំ២០២៤នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នា បានឃើញពីសមត្ថភាព និងជំនាញរបស់បងប្អូនកម្មករ ដែលបានមកចូលរួមប្រលង ព្រមទាំងបង្ហាញអំពីការយកចិត្ដទុកដាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបំផុសស្មារតីលើការងារកៅស៊ូ រក្សាបាននិរន្ដរភាពកម្លាំងពលកម្ម តាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ ឱ្យស្ថិតនៅចៀរយកផលបានយូរ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាព សម្រាប់សេដ្ឋកិច្ចគ្រួសារផង និងសេដ្ឋកិច្ចជាតិ។

ក្រុមអ្នកចូលរួមបានលើកឡើងថា កម្មវិធីនេះ ពិតជាធ្វើឱ្យរីករាយជាខ្លាំងសម្រាប់ប្រជាកសិករ ជាពិសេសកម្លាំងពលកម្មចៀរជ័រកៅស៊ូ, កាន់តែពិសេសទៀតនោះ គឺធ្វើឱ្យពួកគាត់ស្គាល់ពីសមត្ថភាពរបស់ខ្លួន ដោះដូរយោបល់ ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកអំពីការចៀរជ័រកៅស៊ូ ធ្វើឱ្យមានការអភិវឌ្ឍទាំងជំនាញ សុខភាពដើមកៅស៊ូ និងបរិស្ថានផងដែរ៕ ពិសិដ្ឋ CEN