ខេត្តកណ្តាល ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ។
សម្តេចមហាបវរធិបតី បានថ្លែងថា ទីក្រុងមេគង្គ ឃី (Mekong Quay City) មានផ្ទៃដីទំហំប្រមាណ ២១០ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ដែលនឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើប, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ។ល។
ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាន និង កំពុងងើបឡើងវិញជាបណ្តើរៗ ។ គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈ ការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា ។
សម្ដេចបន្ដថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជាក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រទាប់យុវជននាពេលបច្ចុប្បន្ន។ ការងារនេះ គឺជាការងារឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ។
ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា គម្រោង «ទីក្រុងមេគង្គ ឃី» នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។ ជារួម តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជាផង។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។ សម្ដេចបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗមិនខុសខាងរាជធានីភ្នំពេញនោះឡើយ និងលើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍នៅភាគខាងកើតដងទន្លេមេគង្គផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ដ ដល់វិស័យឯកជនផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ទិសខាងកើតរបស់យើង ឲ្យបានរីកចម្រើន»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជំរុញឲ្យចូលរួមអភិវឌ្ឍន៍ទាំងអស់នេះ មិនមែនត្រឹមតែធ្វើ ដើម្បីតែបង្កើតហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែវាផ្ដល់អត្ថប្រយោជន៍ នូវហេដ្ឋារចនាសម្ព័ន្ធទុន និងអត្ថប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការជំរុញ និងការលើកទឹកចិត្ដ ឲ្យចាប់ផ្ដើមនៅថ្ងៃនេះ វាជាជំហានដំបូង នៃការអភិវឌ្ឍន៍ភាគខាងកើត ក្នុងរយៈពេលរាប់ឆ្នាំខាងមុខ ហើយការជំរុញនេះ នឹងបង្កើនសក្ដានុពលបន្ថែម ទៅដល់តំបន់ជាប់ៗ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល ស្វាគមន៍នូវការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ប្រជាជន និងប្រទេសជាតិ មានការទទួលបានការរីកចម្រើនអាចឆាប់រហ័ស។
សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លើសពីនោះទៀត គម្រោងអភិវឌ្ឍន៍នេះ នឹងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី










































