ខេត្តសៀមរាប, ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការ សំណុំរឿងព្រហ្មទណ្ឌ លេខ១៥៧៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងចំនួន០១ ក្រុម ដែលបង្កហិង្សា នៅចំណុច ស្ថានីយប្រេងឥន្ធនៈ ភីធីធី ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ១៥៧៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងចំនួន ១ក្រុម ឃាត់ខ្លួនបានជនត្រូវចោទម្នាក់ឈ្មោះ ខ្លួន ខ្លា ភេទប្រុស អាយុ១៨ឆ្នាំ និងជនត្រូវចោទ ០៤នាក់ បានគេចខ្លួន ១.ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ២.ឈ្មោះ ដុន បណ្ឌិត ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ណាង សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ៤.ឈ្មោះ ហេង ភេទប្រុស ។
ជនត្រូវចោទទាំង ០៥នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស (ដោយប្រើអាវុធ និងមានមនុស្សច្រើននាក់) និងបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស(ប្រព្រឹត្តដោយបុគ្គលច្រើនរូប) ប្រព្រឹត្តនៅចំណុច ស្ថានីយប្រេងឥន្ធនៈ ភីធីធី ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទដែលឃាត់ខ្លួនបានឈ្មោះ ខ្លួន ខា ជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





