ដូចដែលប្រិយមិត្ត និងមហាជន បានទទួលជ្រាបហើយ ពីពិធីបុណ្យ «ទេសនាមហាជាតក» ដ៏ធំ ត្រូវបានប្រារព្ធឡើងរយៈពេល ៤យប់៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានរាជិនីលង្វែក ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៣៣ ផ្លូវជាតិលេខ៥ នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលត្រូវបានរៀបចំធ្វើឡើងដោយលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានលង្វែក។
«ពិធីបុណ្យទេសនាមហាជាតក» នេះ ត្រូវបានដឹងថា គឺត្រូវរៀបចំឲ្យមានផ្លែឈើ គ្រាប់ពូជផ្សេងៗឲ្យបាន ១០០០ មុខ ហើយក្នុង១មុខៗ គឺមាន១០០០ផ្លែ ឬ កញ្ចប់ សម្រាប់ជាគ្រឿងសក្ការៈថ្វាយផងដែរ។ ហើយគិតចាប់តាំងពីថ្ងៃដំបូងមក ឃើញថាមានព្រះសង្ឃ ប្រជាពុទ្ធបិរស័ទ និងប្រជាពលរដ្ឋជាច្រើនកុះករ បាននាំយកនូវផ្លែឈើ គ្រាប់ពូជ និងវត្ថុទានផ្សេងៗជាច្រើនមុខ មកចូលបុណ្យ សម្រាប់បុណ្យទេសនាមហាជាតក។
តែអ្វីគួរឲ្យហួសចិត្តខ្លាំងនោះ គឺនៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យនេះ មិននឹកស្មានកើតមានរូបភាពមិនល្អបែបនេះសោះឡើយ ដែលមិនគួរណាមនុស្សម្នាទៅចូលរួម នាំគ្នាធ្វើរឿងដ៏មិនថ្លៃថ្នូរ ដោយបានប្រញ៉ីគ្នាដណ្តើមយកវត្ថុទ័យទានទាំងនោះយ៉ាងអនាធិបតេយ្យ ខណៈបានដឹងថា វត្ថុទ័យទាននោះ គឺរបស់ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ជាពុទ្ធបរិស័ទ យកទៅសម្រាប់ថ្វាយគោរពបូជាដល់បុព្វការីជន និងប្រគេនដល់ព្រះសង្ឃ ដើម្បីយកទៅចាត់ចែង ប្រគល់បន្តដល់វត្តណា ឬកន្លែងណា ដែលមានការខ្វះខាត ហើយក៏មិនទាន់ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យ អនុញ្ញាតឲ្យមកដណ្តើមគ្នាយកបែបនេះឡើយ។
កាន់តែហួសចិត្តខ្លាំងទៀតនោះ គឺត្រង់ថាហ្វូងមនុស្សទាំងនោះ មិនត្រឹមដណ្តើមគ្នាយកតិចតួចទេ គឺសូម្បីវេចខ្ចប់ និងដឹកជញ្ជូនតែម្តង។ តែទោះជាយ៉ាងណា សង្ឃឹមថា រូបភាពមិនល្អនេះ នឹងមិនកើតមានលើកក្រោយទៀតនោះទេ សម្រាប់បងប្អូនអ្នកភូមិ ដែលមានចិត្តលោភលន់ មិនស្គាល់ពេលវេលាបែបនេះ៕