Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញសម្ពោធ ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ- ធិបតី បំផុសស្មារតី បង្កើនការដាំ បង្កើនបច្ចេកទេសថែទាំ ខណ:ជាដំណាំសេដ្ឋកិច្ចឧស្សាហកម្មដ៏សំខាន់

ដោយពិនិត្យឃើញថា ដំណាំកៅស៊ូ មានអត្ថប្រយោជន៍ច្រើនក្នុងវិស័យឧស្សាហកម្ម បង្កើនប្រាក់ចំណូលដល់ពលរដ្ឋកម្ពុជា និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងដោយសារហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ បំផុសស្មារតីឱ្យបង្កើនការដាំ បង្កើនចំណេះជំនាញលើការថែទាំ នៅតាមបណ្ដាញគ្រួសារប្រជាពលរដ្ឋ សហគមន៍ដំណាំកៅស៊ូ និងក្រុមហ៊ុនវិនិយោគជាបន្តបន្ទាប់ ព្រមទាំងការបង្កើតវិទ្យាស្ថាន, ឧទ្យានដំណាំកៅស៊ូនេះ ជាដើម។

ជាក់ស្ដែង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញប្រារព្ធខួប ១០០ឆ្នាំចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពោធ «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ- ធិបតី» ដើម្បីបន្តថែរក្សាមរតកចម្ការកៅស៊ូចាស់ជាងគេរបស់កម្ពជា ឱ្យនៅស្ថិតស្ថេរគង់វង្សជាសម្បត្តិបេតិកភណ្ឌបន្តពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់ឱ្យពលរដ្ឋខ្មែរ យល់ដឹងថា ដំណាំកៅស៊ូនេះ ជាផ្នែកមួយនៃសេដ្ឋកិច្ច គឺទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។  

ឈ្មោះថា «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី» គឺត្រូវបាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកប្រសិទ្ធនាម ដូច្នេះហើយ រូបឯកឧត្តមក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការប្រសិទ្ធនាមនេះ។

លោក-អ្នកគួរជ្រាបថា កម្ពុជាមានប្រវត្តិដាំកៅស៊ូ តាំងពីអំឡុងឆ្នាំ១៩១០ ពោលគឺ ១១៤ឆ្នាំមុន មានជនជាតិបារាំងម្នាក់ គឺលោក Bouillard បាននាំយកដំណាំ កៅស៊ូ មកដាំជាលើកដំបូងក្នុងប្រទេសកម្ពុជា លើផ្ទៃដីទំហំ ១៥០ហិកតា នៅតំបន់វាលរេញ ស្រុកព្រៃនប់ ខេត្តកំពត (កាលជំនាន់នោះ) បច្ចុប្បន្នខេត្តព្រះសីហនុ, ប៉ុន្តែ ពេលវេលាទៅមុខសន្សឹមៗ ចម្ការកៅស៊ូទាំងនេះ ត្រូវបានបោះបង់ចោលទៅវិញ ដោយសារកត្តាអាកាសធាតុ (ខ្យល់ និងភ្លៀងខ្លាំង) និងលក្ខណៈដីមិនអំណោយផល, ឥឡូវនេះ ចំការកៅស៊ូភាគច្រើននៅលើទឹកដីភាគខាងកើតនៃប្រទេសកម្ពុជា ជាប្រភេទដំណាំឧស្សាហកម្ម។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គិតចាប់ពីអំឡុង ខែមករា ដល់ ខែសីហា  ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកៅស៊ូចំនួន ២០៩ ៧៣៣តោន កើនឡើង ៤ ៥៦៥តោន ឬ ២,២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលជាង ៣២៨,៣លានដុល្លារ, នេះជាការទទួលបានប្រាក់ចំណូលពីការរំចេញផលិតផលកៅស៊ូ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ៕ ពិសិដ្ឋ CEN