នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) ដែលជាហេដ្ឋារចនាសម្ព័ន្ធទិន្នន័យហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការសេវាផ្ទៀងផ្ទាត់អចលនទ្រព្យឌីជីថលសម្រាប់សមាជិកចំនួន១៩៨ស្ថាប័ន ដែលរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងសមាគមជាង ៣០០នាក់។
សេវាផ្ទៀងផ្ទាត់អចលននេះត្រូវបានដាក់ដំណើរការតាមរយៈប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដោយមានការសហការពីក្រុមហ៊ុនវាន់ហ្គាយ ឯ.ក ដែលបានគាំទ្រក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈនានា។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ “យើងបានធ្វើឌីជីថលន័យកម្មលើការរស់នៅ និងក្នុងការផ្តល់សេវាកម្មដល់ប្រជាជនរបស់យើង។ ជាមួយនឹងឌីជីថលូបនីយកម្មនៃការងាររបស់យើង យើងនឹងអាចបង្កើនផលិតភាព សម្រួលប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងបង្កើនសុវត្ថិភាព។ នេះពិតជានឹងផ្តល់ឱ្យសង្គមរបស់យើងកាន់តែមានបរិយាកាសនយោបាយ និងសន្តិសុខសេដ្ឋកិច្ច។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនេះ គឺ ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាព ការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការធានានូវស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់យើង។ ការរួមបញ្ចូល ការផ្ទៀងផ្ទាត់ អចលនទ្រព្យ ជាមួយ នឹង ការ ចែក រំលែក ព័ត៌មាន ឥណទាន ផ្តល់នូវអត្ថប្រយោជន៍ ជាច្រើន ដូចជា ការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ការ វាយ តម្លៃ ហិរញ្ញវត្ថុ កាន់ តែមានសុក្រឹតភាពនិង លឿនជាងមុន ការទទួលបានលក្ខខណ្ឌឥណទានកាន់តែប្រសើរនិងការការពារអតិថិជនពីបំណុលលើសលប់ជាដើម។”
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានចំណាប់អារម្មណ៍ អាចប្រើប្រាស់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះ លើផ្លាតហ្វូមរបស់ស៊ីប៊ីស៊ី។ សមាជិករបស់ស៊ីប៊ីស៊ី ដែលមានសិទ្ធក្នុងការប្រើប្រាស់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះអាចចូលទៅកាន់ផ្លាតហ្វូម រួចបំពេញព័ត៌មានលម្អិតរបស់អចលនទ្រព្យដោយមានការយល់ព្រមច្បាស់លាស់ពីម្ចាស់កម្មសិទ្ធ។ បន្ទាប់ពីបានស្នើសុំក្នុងប្រព័ន្ធដោយជោគជ័យ អ្នកស្នើសុំនឹងទទួលបានរបាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យដែលត្រូវបានបង្កើតឡើងដោយផ្នែកលើទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) មានប្រសាសន៍ថា៖ “យើងរីករាយក្នុងការផ្តល់ជូនសេវាផ្ទៀងផ្ទាត់អចលនទ្រព្យសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់យើង ដើម្បីបង្កើតការគ្រប់គ្រងហានិភ័យឥណទានកម្រិតខ្ពស់ ធ្វើឱ្យដំណើរការនៃប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងពន្លឿនដំណើរការនៃការផ្ទៀងផ្ទាត់ ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងធនាគារជាតិ នៃកម្ពុជា។”
របាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យបង្ហាញព័ត៌មានលម្អិតរបស់ម្ចាស់កម្មសិទ្ធ អាសយដ្ឋានផ្អែកតាមកូអរដោនេភូមិសាស្រ្ត និងព័ត៌មានជាប់បន្ទុករបស់អចលនទ្រព្យ។ ព័ត៌មានក្នុងរបាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យត្រូវបានផ្លាស់ប្តូរតាមតម្រូវការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ វាជារឿងធម្មតាសម្រាប់បុគ្គលក្នុងការស្នើសុំឥណទានដោយប្រើប្រាស់អចលនទ្រព្យសម្រាប់ធានា ។ ស្របពេលដែលឥណទានគេហដ្ឋាន កំពុងពេញនិយម សេវាកម្មផ្ទៀងផ្ទាត់អចលនទ្រព្យនេះនឹងអនុញ្ញាតិឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចពន្លឿនប្រតិបត្តិការក្នុងការផ្ទៀងផ្ទាត់អចលនទ្រព្យកាន់តែមានប្រសិទ្ធភាព ដើម្បីអាចវាយតម្លៃហានិភ័យអចលនទ្រព្យ និងដំណើរការក្នុងការស្នើសុំឥណទាន។
លោក ហ្សាវីយ៉េ ហង់រី អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក មានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រក្រសួងក្នុងការធ្វើបរិវត្តសេវាកម្មរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់ ដើម្បីបម្រើសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។ យើងសង្ឃឹមថាកិច្ចសហការនេះនឹងផ្តល់ផលប៉ះពាល់ជាវិជ្ជមានទាំងសេដ្ឋកិច្ចនិងសង្គម។”