ក្នុងសិក្ខាសាលា ស្តីពី «រសជាតិម្ហូបអាហារកម្ពុជា, បេតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ» ក្រុមអ្នកជំនាញវប្បធម៌ និងម្ហូបអាហារខ្មែរ បានបង្ហាញថា ម្ហូបអាហារខ្មែរ ពិតជាមានភាពសម្បូរបែប ភាពបប៉ិនប្រសប់ ឈ្លាសវៃ ដែលបានបង្ហាញក្នុងប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ សង្គម និងបង្ហាញចំណេះដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបប ទំនាក់ទំនងសង្គម ដែលជាទំនៀមទម្លាប់នៃការធ្វើម្ហូបអាហាររបស់កម្ពុជា មានការវិវត្តទៅតាមសម័យកាល ហើយក៏ជាផ្នែកមួយសំខាន់នៃការទាក់ទាញទេសចរផងដែរ។
ការជជែកពិភាក្សារកឱ្យឃើញអំពីវិសាលភាពនៃ «រសជាតិម្ហូបអាហារកម្ពុជា, បេតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ» នេះ ធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) , មានសិក្ខាកាមចូលរួមប្រមាណ ៣២០នាក់ ក្នុងនោះមាន លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការនៃ ECOSOCC, តំណាងសាលាបង្រៀនធ្វើម្ហូប, តំណាងភោជនីយដ្ឋាន, តំណាងឯកអគ្គរាជទូត-រដ្ឋទូតមួយចំនួន, ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍ, តំណាងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី, ព្រមទាំងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា។
អង្គសិក្ខាសាលា បានលើកទឹកចិត្តដល់ការបន្តវេននូវបេតិកភណ្ឌវប្បធម៌នៃម្ហូបអាហារខ្មែរ ដើម្បីលើកកម្ពស់មោទនភាពជាតិក្នុងការចម្អិនអាហារប្រកបដោយគុណភាព សុខភាព អនាម័យ រសជាតិ និងភាពទាក់ទាញ ព្រមទាំងផ្តល់កម្មសិទ្ធិបញ្ញាដល់សហគមន៍មូលដ្ឋានតាមរយៈការផ្សារភ្ជាប់វប្បធម៌ និងការធ្វើម្ហូបប្រពៃណីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជន។
ក្រុមអ្នកជំនាញវប្បធម៌ទាក់ទងទៅនឹងម្ហូបអាហារខ្មែរ បានបញ្ជាក់ថា ម្ហូបអាហារខ្មែរ ដូចជាបានបង្ហាញនូវការប្រណិប័តន៍នៃវប្បធម៌ និងសាសនា និងរបៀបរៀបចំដែលប្រទេសកម្ពុជាប្រើប្រាស់ និងត្រូវបានចាត់ទុកជាបេតិកភណ្ឌនៃអាហារខ្មែររួចទៅហើយ ក្នុងការទំនាក់ទំនងការទូតបែបទំនើប ជាកត្តាផ្តល់នូវការទាក់ទាញ និងជាអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិ ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក គាំទ្រផលិតផលក្នុងស្រុក និងក៏ទាក់ទាញទេសចរអន្តរជាតិផងដែរ ព្រោះពួកគេក៏ចង់ភ្លក់ម្ហូបអាហារខ្មែរដែ៕ ពិសិដ្ឋ CEN