ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro) នៅសណ្ឋាគារ Oakwood Premier។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធីនាថ្ងៃនេះ ដែលបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងការងារអភិវឌ្ឍវិស័យកសិកម្ម។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកបណ្ឌិត Song Yong Ju និងប្រធានមុនៗ ដែលសម្រេចបានលទ្ធផលល្អៗជាច្រើនគួរឱ្យកត់សម្គាល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះក្រោយពីបានចុះអនុស្សរណៈយោគយល់ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារគម្រោងចំនួន១៧ ជាមួយគ្នាប្រកបដោយជោគជ័យ ក្នុងការអភិវឌ្ឍបច្ចេកទេសដល់ប្រជាកសិករ ក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី និងដំឡូងមី ដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ដោយត្រូវការការវិនិយោគលេីការកែច្នៃ វេចខ្ចប់ និងអាចបាញ់ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ ព្រមទាំងទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់អ្នកវិនិយោគ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរចំគោលដៅ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល រដ្ឋបាលអភិវឌ្ឍន៍ជនបទ និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាក្នុងវិស័យកសិកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាក្រសួងកសិកម្មស្វាគមន៍នូវកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាមួយសាធារណរដ្ឋកូរ៉េ និងសមាគមកសិកម្មឧស្សាហកម្មកូរ៉េ (K-Agro) ក្នុងការរៀបចំគម្រោងថ្មីៗ ជួយដល់ការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជោគជ័យ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាបន្ថែមទៀត និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ និងសុភមង្គល់ក្នុងគ្រួសារក្រោមម្លប់សុខសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី