ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការ សមាគម វិស័យឯកជន និងដៃគូពាក់ព័ន្ធមួយចំនួនទៀត បានប្រារព្ធពិធីបើកពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ក្រុមហ៊ុន អង្គការ សមាគម សង្គមស៊ីវិល អ្នកឧបត្ថម្ភកម្មវិធី ដៃគូសហការសរុបប្រមាណ ២០០នាក់។
ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ (ម៉ោង៨:០០ព្រឹកដល់ម៉ោង៨:០០យប់)គឺជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់និងមានសារប្រយោជន៍ខ្លាំងណាស់ ព្រោះជាវេទិកាជួបជុំរវាងអ្នកនិពន្ធ អ្នកអាន អ្នកបោះពុម្ពផ្សាយ អង្គការ សមាគម បណ្ណារក្ស អ្នកស្រាវជ្រាវ សិស្ស និស្សិតនិងសាធារណជនទូទៅ ដែលធ្វើការពាក់ព័ន្ធជាមួយសៀវភៅ
តាមរយៈកិច្ចជំនួបនេះ គឺជួយឱ្យពួកគេបានជជែកពិភាក្សា ដកស្រង់នូវបទពិសោធ និងស្វែងយល់ពីគ្នាទៅវិញទៅមកនៅចំណុចល្អនិងចំណុចខ្វះខាត តម្រូវការ និងផលវិបាកទាំងភាគីអ្នកអាន អ្នកនិពន្ធព្រមទាំងជាកម្លាំងថាមពលដ៏សំខាន់ដើម្បីជួយជំរុញនិងបណ្ដុះទឹកចិត្តកូនខ្មែរឱ្យមានទម្លាប់ស្រឡាញ់ចូលចិត្តការអាននិងការសរសេរ។
ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជាលេីកទី១១ ឆ្នាំ២០២៤នេះក៏ធ្វើឡើងក្នុងគោលបំណង ៖
១- ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
២- ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ។
៣- បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ
៤- គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក
៥- លើកទឹកចិត្តកវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។
សកម្មភាពនៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» មានដូចជា៖ – ការដាក់តាំងសៀវភៅដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួនដាក់លក់ក្នុងតម្លៃពិសេស) វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ការចួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីនិទានរឿង និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ។
កម្មវិធីពិព័រណ៍សៀវភៅនេះ បាន ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។
បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅរួចមក លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំទី១១នេះ ត្រូវបានរៀបចំឡើងជាមួយគោលបំណងបន្តពង្រឹង ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់សកម្មភាព និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដើម្បី (១) អភិរក្សនិងអភិវឌ្ឍវិស័យអក្សរសាស្ត្រ ដែលជាកេរដំណែលបុព្វបុរសខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ (២) ជំរុញនិងលើកកម្ពស់ការអាន ការតែងនិពន្ធ និងការបោះពុម្ពផ្សាយនៅកម្ពុជា (៣) ផ្សព្វផ្សាយនិងបំផុសទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជនឱ្យស្រឡាញ់ និងយល់ដឹងនូវគុណតម្លៃ នៃអក្សរសាស្ត្រជាតិ ហើយចូលរួមក្នុងការអាននិងការសរសេរឱ្យបានកាន់តែច្រើន (៤) ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់យុវជន ឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ និង (៥) គាំទ្រដល់ការស្វែងរកទីផ្សារក្នុងការលក់ទិញនៃឧស្សាហកម្មបោះពុម្ពសៀវភៅនៅក្នុងប្រទេស និងទីផ្សារអន្តរជាតិ។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលដល់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា សិស្ស និស្សិតស្ម័គ្រចិត្ត អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលខិតខំលះបង់ទាំងពេលវេលាកម្លាំងកាយចិត្តចូលរួមគាំទ្រការប្រព្រឹត្តទៅនៃពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១១ នេះ ឱ្យលេចចេញជារូបរាង និងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងបុព្វហេតុលើកកម្ពស់វប្បធម៌នៃការអាន និងតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
ការតែងនិពន្ធឆ្លុះបញ្ចាំងពីកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ សៀវភៅគឺឃ្លាំងចំណេះដឹងសម្រាប់ការផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ ទាំងផ្សព្វផ្សាយចំណេះដឹងទូទៅ យុទ្ធសាស្ត្រ បច្ចេកវិទ្យា ជាពិសេសផ្សព្វផ្សាយនូវវប្បធម៌ក៏ដូចជាអក្សរសាស្ត្រជាតិ។ ពិព័រណ៍សៀវភៅនេះ គឺជាសក្ខីភាពនៃប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងបន្តការលើកទឹកចិត្តដល់អ្នកអាន និងអ្នកសរសេរ ជាពិសេសគឺផ្តល់ឱកាសឱ្យអ្នកនិពន្ធនៅកម្ពុជាបានបង្ហាញស្នាដៃ ដើម្បីចូលរួមលើកកម្ពស់អំណាននៅកម្ពុជា ឈានទៅលើកស្ទួយខឿនវប្បធម៌អារ្យធម៌របស់ជាតិយើងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់ប្រវត្តិអក្សរសាស្ត្រខ្មែរតាំងពីសម័យអង្គរមកដែលមានបន្សល់ទុកនៅលើសិលាចារឹក ដែលជាកេរតំណែលដូនតា សរសេរជាភាសាខ្មែរចាស់ ធ្វើឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងដឹងពីការវិវឌ្ឍរបស់អក្សរខ្មែរ នេះហើយជាតួនាទីនៃសៀវភៅក្នុងការផ្សព្វផ្សាយវប្បធម៌ ដូច្នេះហើយ ពិតជាចាំបាច់ដែលប្រទេសមួយ ត្រូវតែរៀបចំឱ្យមានសៀវភៅ មានបណ្ណាល័យ លើកកម្ពស់ការសរសេរ តែងនិពន្ធ បណ្តុះបណ្តាលអ្នកចេះដឹង ដើម្បីក្លាយកម្លាំងចលករចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ការបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្នែកអក្សរសាស្ត្រនិងអក្សរសិល្ប៍ គាំទ្រនិងលើកទឹកចិត្តដល់ការបោះពុម្ពស្នាដៃថ្មីៗ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបញ្ជ្រាបចំណេះដឹងនិងបំផុសស្មារតីយុវជន និងមហាជន តាមរយៈស្នាដៃតែងនិពន្ធជាសៀវភៅប្រលោមលោកនិងកំណាព្យរឿង និងអត្ថបទផ្សេងៗដែលបានបង្កប់នូវគំនិតនិងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ គុណធម៌ និងបណ្តុះផ្នត់គំនិតក៏ដូចជាការកែប្រែឥរិយាបថរបស់មនុស្សជាតិ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អរវាងស្ថាប័នរដ្ឋ អង្គការ សមាគម ដៃគូឯកជន និងនិស្សិតស្ម័គ្រចិត្តទាំងអស់ ដែលខិតខំចំណាយពេលវេលាកម្លាំងកាយ ប្រាជ្ញាស្មារតី ព្រមទាំងជួយឧបត្ថម្ភជាសម្ភារៈនិងថវិកាដើម្បីគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិដ៏មានអត្ថន័យនេះឡើង និងសូមលើកទឹកចិត្តឱ្យយុវជនចាប់កាន់សៀវភៅ ហើយប្ដេជ្ញាចិត្តអានសៀវភៅដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់ ឆ្ពោះទៅអភិវឌ្ឍខ្លួនឯង និងបន្តការរៀនសូត្រពេញមួយជីវិត ក្លាយជាធនធានប្រកបដោយសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនប្រកបដោយចីរភាពនិងចូលរួមថែរក្សាសុខសន្តិភាព។
គួរបញ្ជាក់ដែរថា ពិព័រណ៍សៀវភៅដ៏ធំឆ្នាំនេះ មានទីតាំង នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណ ២៩៣ស្តង់ បានដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី




































