Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន​ បន្តសហការធ្វើការជាមួយក្រសួងកសិកម្ម ក្នុងការវិនិយោគដំណាំដំឡូងមី​ នៅប៉ែកឦសាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹងដំណាំដំឡូងមី​ ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស​ ដោយទទួលទិញពីប្រជាកសិករ​ក្នុងតម្លៃសមរម្យ​ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ​ រក្សាស្ថិរភាពថ្លៃដល់កសិករ​ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានបញ្ជាក់បន្ថែមថាការងារនេះទាមទារឱ្យ​មានការសិក្សាឱ្យបានសុីជម្រៅ មានផែនការវិនិយោគច្បាស់លាស់​ មានស្តង់ដាការងារត្រឹមត្រូវ​ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ​ ដោយមានអ្នកទទួលទិញពីកសិករ​ អ្នកកែច្នៃផលិតផល​ និងក្រុមហ៊ុនភស្តុភារកម្ម​ ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស​ និងច្បាប់បទដ្ឋាននានាដេីម្បីជួយសម្របសម្រួលឱ្យការវិនិយោគនេះ​មានលទ្ធផលល្អ​ រលូន​ និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ។

ជាទិសដៅបន្ត​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន​ បន្តសហការធ្វើការជាមួយក្រសួងកសិកម្ម​ក្នុងការងារនេះ​ និងបានលើកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានរួមមានខេត្តមណ្ឌលគីរី​ ខេត្តរតនៈគីរី​ ខេត្តស្ទឹងត្រែង​ និងខេត្តក្រចេះ។
សូមជម្រាបជូនថា​ គោលបំណងនៃកិច្ចប្រជុំនេះ​ គឺពិនិត្យលទ្ធភាពវិនិយោគពីភាគីក្រុមហ៊ុនចិន​លេីការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា​ និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម​ ដេីម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×