ពិធីរំដោះគ្រោះដ៏ចម្លែកមួយ ឧបកិច្ចធ្វើដូចជាស្លាប់ ដើម្បីឲ្យកម្មទាំងឡាយដែលមាន វិនាសចាកឆ្ងាយ និងសូមអោយទទួលបានតែលាភសំណាងហូរចូលជានិរន្តរ៍ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងវែកញែកព្រោងព្រាត ពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។
តាមរយៈវីដេអូ ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម TikTok បានបង្ហាញមនុស្សរស់ ត្រូវបានគ្របក្រណាត់ស ប្រៀបដូចជាសាកសពរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈព្រះសង្ឃមួយអង្គ ធ្វើកិច្ចដ៏ចម្លែក ដើរក្រឡឹងជុំវិញ «សាកសពមនុស្សរស់» នោះ ដោយមានទាំងលោកតាអាចារ្យ ចូលរួមនៅក្នុងពិធីនេះ ដែលឃើញហើយគួរឲ្យព្រឺក្បាលតែម្តង។
តែយ៉ាងណា ពិធីដ៏ញាក់សាច់នេះ ពុំត្រូវបានមនុស្សជាច្រើនធ្លាប់បានដឹង ឬស្គាល់ថាជាពិធីអ្វីនោះទេ។ ប៉ុន្តែ យោងតាមអ្នកលេងបណ្តាញសង្គមមួយចំនួន ដែលស្គាល់ បានប្រាប់ថា នេះគឺជាពិធីកាត់គ្រោះ ដែលចាស់បុរាណហៅថា ពិធីឆាកបកស្បែក ខណៈអ្នកផ្សេងទៀត ហៅថា ពិធីរំដោះគ្រោះឆ្នាំ។
ដោយឡែក ចំពោះព្រះសង្ឃដែលធ្វើពិធីនេះ ត្រូវបានស្គាល់មានព្រះនាម អ៊ុំ ហឿង គង់នៅវត្តវត្តកោះរកា ស្ថិតក្នុងភូមិកោះរការ ឃុំកោរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហើយជាមួយគ្នានេះ អ្នកស្គាល់ក៏បានប្រាប់ថា លោកពូកែខ្លាំងណាស់ រឿងរកស៊ី និងដោះអំពើ។
តែទន្ទឹមនឹងនេះ ក៏មានមតិរិះគន់ទៅលើព្រះសង្ឃអង្គនោះថា អ្នកបួសធ្វើបែបនេះខុសវិនយ័សង្ឃហើយ ។ ក្នុងព្រះពុទ្ធសាសនា មិនដែលបង្រៀនអ៊ីចឹងទេ នេះជាជំនឿរបស់សាសនាព្រាហ្មណ៍ អ្នកបួសត្រូវបង្រៀនពុទ្ធបរិស័ទ ដោយអរិយសច្ច៤ មគ្គមានអង្គ៨ ទើបត្រឹមត្រូវ មិនខុសវិន័យ។ ខណៈអ្នកដែលយល់ដឹងជ្រៅជ្រះពីផ្លូវពុទ្ធសាសនាម្នាក់ ក៏បានឲ្យដឹងបែបនេះថា
ហ្នឹងហើយដែលគេហៅ “បួសមិនរៀន ឬបួសបង្ហិនបាយ” នាំបរិស័ទឲ្យប្រាសចាកពីធម៌ ។ ឯណាដែលហៅថា កម្មផល? ប្រព្រឹត្តកម្ម តែមិនចង់ទទួល ផលកម្ម។ គ្មានអ្វីបញ្ចៀសកម្លាំងកម្មបានទេ។ ត្រូវដឹងថា ក្នុងវិន័យ ភិក្ខុណាដែលធ្វើនូវទង្វើខាងលើ គឺត្រូវអាបត្តិទី៥បាចិត្តយ(អាបត្តិប្រែថាទោសក្នុងវិនីយ)។ ហើយបងក៏ជាអ្នកចូលរួមដែលធ្វើឲ្យ ព្រះភិក្ខុត្រូវអាបិត្តដែរ។ កិច្ចពិធីខាងលើនេះជាព្រហ្មញ្ញសាសនាទេ។
អ្នកលេងតិចតុរូបនោះក៏បានពន្យល់បន្តថា បាបកម្ម មិនអាចកាត់កង ស៊ីសង ដោះដូរ ឬឲ្យអ្នកណាទទួលជំនួសបានទេ ។ បាបតិចសងតិច បាបច្រើនសងច្រើង មិនអាចគេចផុតទេ សូម្បីតែសម្លាប់ស្រមោខ១៕